(កំពង់ស្ពឺ)៖ ដោយប្រកាន់នូវស្មារតី «ទុក្ខលំបាកប្រជាពលរដ្ឋជាទុក្ខលំបាក់របស់ថ្នាក់ដឹកនាំ» លោក តុង សេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ បាននាំអំណោយរបស់លោកផ្ទាល់ប្រគល់ជូនគ្រួសារលោក ជា សុខឆេង ដែលមានពិការភាពតាំងពីតូច ព្រមទាំងភរិយា និងកូនតូចៗ៣នាក់ក្នុងបន្ទុក រស់នៅក្នុងជីវភាពខ្សត់ខ្សោយ នៅភូមិព្រៃកំប៉ុក ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
អំណោយដែលបានចែកជូននោះ រួមមាន៖ អង្ករ៥០គីឡូក្រាម មី១កេះ ត្រីខ១ឡូ ប្រេងឆា១ដប ទឹកត្រី ទឹកស៊ីអ៉ីវ១យូ ឃីត១កញ្ចប់ និងថវិកា២០ម៉ឺនរៀល ទុកគ្រាន់ធ្វើចង្ហាន់បិណ្ឌបាត្រ ទៅប្រគេនព្រះសង្ឃ និងបានទុកផ្គត់ផ្គង់បានមួយរយៈពេល។
លោក តុង សេង បានផ្តាំផ្ញើឱ្យគ្រួសារលោក ជា សុខឆេង ត្រូវចេះថែរក្សាសុខភាព រស់នៅត្រូវមានអនាម័យ ហូបស្អាត ផឹកទឹកដាំពុះ ព្រមទាំងសម្អាតទីធ្លា ចាក់ដីបំពេញភក់ជ្រាំជុំវិញផ្ទះ កុំឲ្យមានទឹកដក់ជាជម្រកមូស និងជាកន្លែងមូសខ្លាពងកូន ត្រូវនាំកូនចៅសម្រានក្នុងមុង ហើយបើមានអាការៈពុំស្រួល ត្រូវឆាប់បញ្ជួនអ្នកជំងឺទៅមណ្ឌលសុខភាពដែលនៅជិតៗផ្ទះ។
ជាមួយការសំណេះសំណាលនោះ អ្នកតំណាងរាស្ត្រ តុង សេង ក៏បានផ្តាំផ្ញើទៅអាជ្ញាធរភូមិ ឃុំ និងក្រុមគ្រួសារទីទាល់នោះថា លោកនឹងពិនិត្យលើគម្រោងសាងសងជម្រកសមរម្យឲ្យគ្រួសារពិការ និងទីទាល់ក្រនោះផងដែរ៕