(ស្វាយរៀង)៖ ដោយផ្សារភ្ជាប់នឹងវិស័យព្រះពុទ្ធសាសនា និងជួយសម្រួលដល់ពុទ្ធបរិស័ទចំណុះជើងវត្ត ដែលនៅឆ្ងាយពីទីអារាមនោះ លោកឧកញ៉ា ហូ សុងរចនា ដែលជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ឯក ហូ វុទ្ធី និងក្រុមការងារបានផ្តួចផ្តើមកសាងវត្តថ្មីមួយឡើងមានឈ្មោះថា «វត្តរចនារាម» ស្ថិតក្នុងភូមិបឹងកែក ឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បើតាមលោក អុឺម ភិនសារឿន តំណាងលោក ហូ សុងរចនា ដែលមកឆ្លងបុណ្យភ្ជុំបិណ្ឌនៅវត្តរចនារាម បានឱ្យដឹងថា វត្តរចនារាមនេះ កសាងឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក ហូ សុងរចនា និងភរិយា ព្រមទាំងបុត្រ ក្រុមការងារ ពុទ្ធបរិស័ទចំណុះជើងវត្ត។
ពីមុនមលនៅភូមិបឹងកែកនេះ ពុំមានវត្តអារាមធ្វើបុណ្យទាននោះទេ ធ្វើឱ្យប្រជាពលរដ្ឋមានការលំបាក ព្រោះវត្តដែលត្រូវទៅធ្វើបុណ្យនោះនៅឆ្ងាយពីភូមិប្រមាណ ៥-៧គីឡូម៉ែត្រ ឯណោះ។
ដោយមើលឃើញពីទុកលំបាកនេះហើយ ទើបលោក ហូ សុងរចនា និងក្រុមការងារបានចុះមកពិនិត្យមើលទីតាំងដីដែលបង្កើតវត្ត គឺនៅចំទីកន្លែងអ្នកតាទួលបឹងកែក ក្នុងភូមិបឹងកែក ឃុំដូន ជាដីរបស់រដ្ឋដែលមានផ្ទៃដី២ហិចតា៦៧អា ក៏ចាប់ផ្តើមកសាងឡើងរហូតមកដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ទើបតែបាន២ខែ៦ថ្ងៃប៉ុណ្ណោះ ដោយមានសមទ្ធិផលបានខ្លះៗហើយ មានដូចជាសាលាឆទាន អណ្តូង ម៉ាស៊ីនភ្លើង ចាក់ដី ដែលចំណាយថវិការអស់ជាង១មុឺនដុល្លា តែនៅជួបការខ្វះខាតជាច្រើនទៀត។
បើតាមអ្នកភូមិបឹងកែកបានឱ្យដឹងថា អ្នកភូមិបឹងកែកពិតជាមានចិត្តរំភើបសប្បាយរីករាយណាស់ ដែលបានលោក ហូ សុងរចនា និងក្រុមការងារផ្តួចផ្តើមបង្កើតឱ្យមានទីអារាមនេះឡើង ដើម្បីបានធ្វើបុណ្យធ្វើទាននៅក្បែរលំនៅឋាន ដោយការពីមុនទាន់បង្កើតវត្តប្រជាពលដ្ឋចំណាយពេលទៅធ្វើបុណ្យឆ្ងាយ តែឥឡូវនេះមានវត្តនៅជិតផ្ទះ។
បើតាមលោកគ្រូអាចារ្យម្នាក់បានរៀបរាប់អំពីទីទួលអ្នកតាបឹងកែក ដែលជាទីពូកែស័ក្កិសិទ្ធិកាលពីដើមទីកន្លែងនេះ មានព្រៃក្រាស់មានសត្វខ្លាមួយគូរ និងពស់វែកដ៏ធំនៅថែរក្សាទីទួលនេះ បើមានអ្នកស្រុកណាបាត់គោក្របីបែរបន់ឱ្យអ្នកតាទួលបឹងកែកជួយ និងរកឃើញវិញហើយ មួយវិញទៀត កាលពីសម័យសង្គ្រាមលន់ណន់គ្រាប់បែកទំលាក់ចំទួលនេះ តែគ្រាប់មិនផ្ទុះនោះឡើយ ព្រោះបារមីអ្នកតាបឹងកែកខ្លាំងពូកែ ដោយជារៀងរាល់ឆ្នាំអ្នកភូមិតែងតែនាំគ្នាធ្វើពិធីឡើងអ្នកតាសុំទឹកភ្លៀងនិងសុំសេចក្តីសុខសេចក្តីចម្រើនដល់អ្នកភូមិផងដែរ។
សូមបញ្ជាក់ថា លោក អុឺម ភិនសារឿន បាននាំទេយ្យទាន និងគ្រឿងឧបភោគបរិភោគរបស់លោក ហូ សុងរចនា និងភរិយា ចូលជាបច្ច័យដល់វត្តរចនារាមចំនួន២លានរៀនផងដែរ៕