(តូក្យូ, ជប៉ុន)៖ កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានចាប់ផ្តើមជាផ្លូវការហើយនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨នេះ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ស៊ិន ហ៊្សូអាបេ នាយករដ្ឋមន្ត្រីជប៉ុន និងមានការអញ្ជើញចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោកបណ្ឌិត ថងលួន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ, លោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសហភាពមីយ៉ាន់ម៉ា, លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃថៃ លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។
កិច្ចប្រជុំកំពូលមេដឹកនាំមេគង្គ-ជប៉ុនលើកទី១០ មេដឹកនាំប្រទេសមេគង្គ និងជប៉ុន ក៏បានដាក់ចេញសសរស្តម្ភកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ចំនួន ៣រួមមាន៖ ១. ការតភ្ជាប់រស់រវើក និងមានប្រសិទ្ធិភាព ផ្តោតលើការងារ (តភ្ជាប់ផ្នែករឹង, តភ្ជាប់ផ្នែកទន់, តភ្ជាប់ផ្នែកឧស្សាហកម្ម), ២. សង្គមដែលផ្តោតលើមនុស្សជាចម្បង ដោយផ្តោលើការងារ (ការអភិវឌ្ឍធនធានមនុស្ស, ការថែទាំងសុខមាលភាព, ការអប់រំ, កិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងតុលាការ) និងទី៣. ការសម្រេចបាននូវមេគង្គបៃតង ដោយផ្តោតលើការងារ (កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ, គ្រប់គ្រងធនធានទឹក, ការគ្រប់គ្រងកាកសំណល់, ការអភិរក្ស និងការប្រើប្រាស់ធនធានជលផលប្រកបដោយចីរភាព រួមទាំងថនិកសត្វក្នុងសមុទ្រ)។
ក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំប្រទេសតំបន់ទន្លេមេគង្គទាំង៥ និងជប៉ុន បានសម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្រទីក្រុងតូក្យូឆ្នាំ២០១៨ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន» សម្តៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសតំបន់មេគង្គ និងជប៉ុន ក៏ដូចជាឆ្លើយតបបញ្ហានៅក្នុងតំបន់ និងលើពិភពលោកនាពេលបច្ចុប្បន្ន។ «យុទ្ធសាស្ត្រទីក្រុងតូក្យូឆ្នាំ២០១៨ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន» បានដាក់ចេញនូវយុទ្ធសាស្ត្រចម្បងៗចំនួន៣រួមមាន៖ ១. សមិទ្ធផល និងស្ថានភាពបច្ចុប្បន្ននៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន, ២. សសរស្តម្ភថ្មីបីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងទី៣. បញ្ហាតំបន់ និងសកល។
កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងយុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហរ៖ ថ្នាក់ដឹកនាំទាំងអស់ បានបញ្ជាក់ពីសារៈសំខាន់នៃការកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់ប្រទេសមេគង្គនីមួយៗក្នុងការពង្រឹងសណ្តាប់ធ្នាប់ដែលសេរី និងបើកចំហរដោយឈរលើគោលការណ៍ នីតិរដ្ឋ ដើម្បីធានាឲ្យមានសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងបានបញ្ជាក់ថា តំបន់មេគង្គ ដែលតភ្ជាប់ពីមហាសមុទ្រឥណ្ឌា ទៅមហាសមុទ្រប៉ាស៊ីហ្វិក មានអំណោយផលផ្នែកភូមិសាស្ត្រ ដែលអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីការសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហរ។ ក្នុងន័យនេះថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គទាំងអស់ បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុនក្រោម «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហរ» ព្រមទាំងបានសម្តែងនូវការប្តេជ្ញាចិត្តរបស់ខ្លន ក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការមេគង្គ-ជប៉ុន ដែលរួមចំណែកដល់យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហរ។
កិច្ចប្រជុំមេគង្គ-ជប៉ុន គឺជាកិច្ចសហប្រតិបត្តិការមួយដែលមានប្រទេសចំនួន៥ ជាសមាជិករួមមាន ជប៉ុន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ត្រូវបានផ្តួចផ្តើមឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសជប៉ុន-កម្ពុជា-ទ្បាវ-វៀតណាម (CLV) លើកទី៣ នៅខែមករា ឆ្នាំ២០០៧ នៅទីក្រុង Cebu ប្រទេសហ្វីលីពីន៕