(ភ្នំពេញ)៖ នៅក្នុងឱកាស ថ្ងៃខួបកំណើត ចៅស្រីបណ្តូលចិត្ត ភិន សុខេតធើរីណា (Katerina) គម្រប់២ឆ្នាំ លោក អ៊ិន សុភិន បានបង្ហើបឲ្យដឹងថា លោកមានកាដូពិសេស២ឲ្យចៅស្រី ទីមួយនាំដើរលេង អាមេរិក និងកាណាដា និងទីពីរ យកមូលនិធិដែលអោយចៅស្រី ទៅធ្វើការងារសប្បុរធម៌ ចែកអំណោយដល់ក្មេងៗ នៅកំពង់ចាម ជាមួយ ដាលីស ជំនួសចៅស្រី។
បើតាម Facebook របស់លោក បានបង្ហាញរូបថតជាច្រើនសន្លឹក បង្ហាញពីសុភមង្គលគ្រួសារ ដោយលោកបាននាំភរិយា កូនប្រុសស្រី និងចៅស្រីបណ្តូលចិត្ត ជិះយន្តហោះ បោះពួយទៅសហរដ្ឋអាមេរិក ក្នុងបំណងដើរកម្សាន្តជុំគ្រួសារ និងចូលរួមកម្មវិធីជប់លៀងធំមួយនៅអាមេរិក ហើយក្នុងនោះលោកក៏ឆ្លៀតឱកាសរៀបចំកម្មវិធីជប់លៀង ថ្ងៃខួបកំណើតចៅស្រី ភិន សុខេតធើរីណា (Katerina) នៅភោជនីយដ្ឋាន Legend Seafood Restaurant នៅទីក្រុង ឡុងប៊ិច ផងដែរ។
បើតាម លោក អ៊ិន សុភិន បានប្រាប់ឲ្យដឹងថា នៅក្នុងឱកាសបុណ្យភ្ជុំនេះ លោកបាននាំគ្រួសារមកដើរកម្សាន្ត នៅអាមេរិក ព្រោះតែចង់ដើរលេងសប្បាយជុំគ្នា ហើយម្យ៉ាងទៀត កូនស្រីច្បងរបស់លោក គឺដាលីស ត្រូវបានតារាសម្តែងជើងចាស់ លោក យស បូវណ្ណៈ ដែលជាតារាល្បីទសវត្សរ៍ ឆ្នាំ ៩០ អញ្ជើញមកចូលរួមកម្មវិធី ជប់លៀងធំរាត្រីសមោសរ ជួបជុំបងប្អូនខ្មែរនៅទីនេះផង និងកាន់តែពិសេសនោះគឺ រៀបចំពិធីជប់លៀង ខួបកំណើតអោយចៅស្រីបណ្តូលចិត្ត នៅទីនេះដូចគ្នា។
លោក អ៊ិន សុភិន បន្ថែមថា ឆ្នាំមុនលោកនិងគ្រួសារ រៀបចំខួបកំណើតអោយចៅស្រី នៅផ្ទះ តែគម្រប់ខួប២ឆ្នាំនេះ គឺរៀបចំនៅលើទឹកដីអាមេរិកម្តង ហើយក្នុងនាមលោកជា ជីតាគ្មានអ្វីផ្តល់ឲ្យចៅស្រី ក្រៅពីក្តីសុខភាពកក់ក្តៅ ខួបកំណើតឆ្នាំនេះ លោកនាំចៅនិងគ្រួសារមកដើរលេងនៅអាមេរិក ហើយបន្តទៅកាណាដា ហើយក្នុងនោះលោកក៏មានកញ្ចប់មូលនិធិសម្រាប់ចៅស្រី ក្នុងការជួយទៅដល់ក្មេងៗកំព្រា ក្មេងៗជួបការខ្វះខាត ដើម្បីជួយដល់សង្គម ក្មេងៗដែលខ្វះភាពកក់ក្តៅផងដែរ៕