ពលរដ្ឋ៣៤គ្រួសារនៅស្រុកបរសេដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់ ទទួលបានអំណោយពីកាកបាទក្រហម
09-10-2018 10:44
(កំពង់ស្ពឺ)៖ តាមរយ:លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកិតិ្តយសអនុសាខាកាកបាទក្រហមកម្ពុជាខេត្ត អំណោយជាច្រើនរបស់កាកបាទក្រហមកម្ពុជា ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៣៤គ្រួសារ ក្នុងភូមិព្រៃពីរនិងភូមិអង្គក្តី ឃុំទួលអំពិល ស្រុកបរសេដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់។
សកម្មភាពនេះក៏មានការចូលរួមពីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយមន្ត្រីរាជការ ប្រធានមន្ទីរ មេឃុំ មេភូមិ។
អំណោយដែលចែកជូនគ្រួសាររងគ្រោះខាងលើ ក្នុងមួយគ្រួសារទទួលបានថវិកា អង្ករ ប្រេងឆា ត្រីខ មី ទឹកស៊ីអ៊ីវ ទឹកត្រី សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរមានប្រគល់ជូនប៉ាតង់ ភួយ មុង ថែមទៀតផងទៀតផងដែរ។
ក្នុងឱកាសនោះ លោក វ៉ី សំណាង បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលជានិច្ចកាលសម្តេចតែងបានគិតគូរ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសចំពោះពលរដ្ឋដែលរងគ្រោះដោយសារតែគ្រោះធម្មជាតិនេះ។
លោកថា សម្តេចក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់ពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា ដូចជាករណីខាងលើនេះដែរ។
ជាមួយគ្នានោះ លោកអភិបាលខេត្តកំពង់ស្ពឺ ថែមទាំងបានផ្តាំផ្ញើដល់លោកតាលោកយាយ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព និងអនាម័យក្នុងការរស់នៅផងដែរ៕