(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថាចំពោះពិធីបុណ្យភ្ជុំបិណ្ឌ បើនិយាយពីកិច្ចពិធីជាគោលនោះគឺ «ការបោះបាយបិណ្ឌ» នេះឯង។ ហើយក្រៅពីនេះមាន កិច្ចពិធីផ្សេងៗទៀត ដើម្បីឧទ្ទិសដល់អ្នកស្លាប់ ដូចជាការយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅទីវត្ដអារាម ឬពិធីបង្សុកូលដល់បុព្វការីជន ជីដូនជីតា ញាត្ដិការទំាងទ្បាយដោយចាប់ផ្ដើម ពីថ្ងៃ១រោចខែភទ្របទ ដល់ថ្ងៃ១៥រោចខែភទ្របទ។ ពីព្រោះថាពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីខ្មែរយើង ដែលមានតំាងពីសម័យបុរាណកាលមកម៉្លេះ ពិសេសសម័យមហានគរ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ (៨៤៨-៩១០) រហូតដល់បច្ចុប្បន្ន។ បានសេចក្ដីថា «គោលបំណងពិធីបុណ្យភ្ជុំបិណ្ឌជាការផ្សារភ្ជាប់រវាងអតីត បច្ចុប្បន្ន អនាគត» ដើម្បីកុំឲ្យភ្លេចជាតិហ្នឹងឯង។
ជាក់ស្ដែងដោយពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីខ្មែរនេះហើយ ទើបយើងឃើញថា នៅតាមបណ្ដាប្រទេសនានាដែលកាន់ព្រះពុទ្ធសាសនាដូចខ្មែរយើងដែរ ជាអាទិ៍៖ ថៃ លាវ ភូមា ស្រីលង្កាជាដើម គឺពុំមានពិធីបុណ្យភ្ជុំបិណ្ឌនោះទេ។
លោក រត្ន័ សណ្ដាប់ បន្ដថា ដោយស្ថិតក្នុងប្រព័ន្ធជំនឿពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ ខ្មែរក៏បានសំយោគប្រពៃណីទំនៀមទម្លាប់នៃពិធីបុណ្យនេះ និងព្រះពុទ្ធសាសនា ដោយការភ្ជាប់ ព្រះបាទពិម្ពិសា បរិភោគអាហារមុនព្រះសង្ឃលុះដល់មរណកាល ក៏ចាប់កំណើតជាប្រេតដែលត្រូវទទួលរងកម្មសព្វបែបយ៉ាង ទៅតាមជំនឿព្រះពុទ្ធសាសនា ពីព្រោះប្រទេសយើង កាន់ព្រះពុទ្ធសាសនា។ ដោយស្ថិតត្រង់ចំណុចនេះបានន័យថា «ជាការសំយោគក្នុងប្រព័ន្ធជំនឿខ្មែររវាងប្រពៃណីទំនៀមទម្លាប់ និងព្រះសាសនា ដើម្បីឲ្យមានព្រលឹងរស់រវើក ជាអមតៈក្នុងសង្គម» ដូចយើងឃើញសព្វថ្ងៃនេះ។
បើដូច្នេះបើនិយាយពីនិមិត្ដរូបក្នុងកិច្ចពិធី «បោះបាយបិណ្ឌ» ហៅថា «បាយពំនូត» នេះ នៅក្នុងប្រព័ន្ធជំនឿខ្មែរនេះផងដែរ ដូចជាបាយបិតត្បូរ គឺប្រៀបដូចជា «សំបកខ្លួន» ដើម្បីផ្ដល់ឱកាសឲ្យ «ព្រលឹង» ជាប្រេត បិតរ ជីដូនជីតា ឬបុព្វការីជនរបស់ខ្លួនឲ្យមកទទួលនឹងចាប់កំណើតជាថ្មីម្ដងទៀតហ្នឹងឯង។
បានសេចក្ដីថា «ចំពោះបាយបិណ្ឌនេះគឺពុំមែនជាចំណីរបស់ប្រេត»នោះទ្បើយ។ បានជាដូចនេះហើយទើបយើងឃើញថា កិច្ចពិធីបោះបាយបិណ្ឌ គេរៀបចំបោះម៉ោង៤ទៀបភ្លឺ ដែលជានិមិត្ដរូបងងឹតផងនិងភ្លឺផង គឺស្លាប់និងកើតជា «វដ្ដ» នេះឯង។ ពីព្រោះថា មនុស្សយើងមានធាតុពីសំខាន់គឺនាម (ព្រលឹង,ឈ្មោះ) និងរូបហ្នឹងឯង។ ដោយហេតុថា បើនិយាយពីការស្លាប់ក្នុងទ្រឹស្ដីសាសនានេះទៀតសោត គឺពុំមែនជាទីបញ្ចប់របស់មនុស្សទ្បើយ ព្រោះប្រសិនបើជាទីបញ្ចប់របស់មនុស្ស ប្រហែលជាយើងម្នាក់ៗពុំចំាបាច់ខំធ្វើបុណ្យ អ្វីទ្បើយ។បើដូច្នេះចំពោះយើងអ្នករស់ខិតខំធ្វើបុណ្យទៅដល់អ្នកស្លាប់ បានសេចក្ដីថាជាការតម្រង់ផ្លូវឲ្យទៅតាមគន្លងធម៌នេះឯង៕