(ភ្នំពេញ)៖ ក្រសួងផែនការ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ រួមគ្នាមួយ ដោយបញ្ជាក់ថា សមាមាត្រប្រជាជនកម្ពុជាដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រ មានចំនួន១៣.៥ភាគរយ ដែលគណនាតាមទស្សនាទាន ចំណាយលើការប្រើប្រាស់ ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា ឆ្នាំ២០១៤។
លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ការចេញសេចក្ដីប្រកាសព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពីមានជំនួបមួយ រវាងលោកស្រី ផូលីន ថាម៉េស៊ីស អ្នកតំណាងប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា និងលោកទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ដើម្បីស្រាយបំភ្លឺអំពីអត្រានៃភាពក្រីក្រនៅកម្ពុជា លើសារព័ត៌មានភ្នំពេញប៉ុស្ដិ៍។
សេចក្ដីប្រកាសព័ត៌មាន ក៏បានឲ្យដឹងដែឬថា ទេសរដ្ឋមន្ដ្រី ឆាយ ថន និងតំណាងប្រចាំប្រទេសរបស់អង្គការសហប្រជាជាតិ បានយល់ស្របគ្នាថា ប្រទេសកម្ពុជាបានសម្រេចនូវជោគជ័យដ៏ធំធេង ក្នុងការកាត់បន្ថយមភាពក្រីក្រ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។
ភាគីទាំងពីរ ក៏បានបន្ថែមថា វិធីសាស្ដ្រវាស់វែងភាពក្រីក្រពហុសមាសភាគ មិនទាន់ត្រូវបានទទួលយក ដោយរាជរដ្ឋាភិបាលកម្ពុជា ថាជាវិធីសាស្ដ្រផ្លូវការសម្រាប់ការវាយតម្លៃភាពក្រីក្រនៅកម្ពុជានៅឡើយទេ ហើយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា ក៏មិនបានផលិតទិន្នន័យនេះដែរ។
នៅក្នុងពេលខាងមុខ អត្រាភាពក្រីក្រនៅកម្ពុជា ដែលគណនាតាមទស្សនាទានចំណាយលើការប្រើប្រាស់ ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច-សង្គមកិច្ច នៅតែបន្ដជាតួលេខភាពក្រីក្រផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មានរួមគ្នារបស់ក្រសួងផែនការ និង UNDP នៅខាងក្រោមនេះ៖