(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក ហ៊្វុយមីអាគី តាកាហាស៊ី អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា ព្រមទាំងអញ្ជើញពិសា អាហារថ្ងៃត្រង់ការងារជាមួយ សមាគមជប៉ុន-កម្ពុជា ផងដែរ។
ក្នុងជំនួបនោះ លោក ហ៊្វុយមីអាគី តាកាហាស៊ី បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលតែងតែចូលរួមគាំទ្រដល់សកម្មភាពរបស់សមាគមមិត្តភាពជប៉ុនកម្ពុជា ហើយក៏បានស្វាគមន៍វត្តមានសម្ដេចតេជោនៅប្រទេសជប៉ុន ក្នុងឱកាសនៃការប្រារព្ធខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសមាគម ដែលបានគាំទ្រដល់ការបោះឆ្នោតនៅកម្ពុជាហើយ សម្ដេចតេជោ ក៏បានបញ្ជាក់ថាជប៉ុនបានជួយដល់ដំណើរការបោះឆ្នោត និងបានស្នើជប៉ុនបន្តការចូលរួមជួយគាំទ្រនៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជាជាបន្តទៀត ពីព្រោះការបោះឆ្នោតកម្ពុជានេះគឺមានលក្ខណៈជាទៀងទាត់តាមអាណត្តិនីមួយៗ។
លោកប្រធានសមាគមក៏បានលើកឡើងពីការបង្កើតនូវសារមន្ទីរទឹក និងអភិរក្សត្រីនៅតំបន់មេគង្គនៅកម្ពុជាជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ ហើយជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ និងបានផ្តល់នូវអនុសាសន៍ក្នុងការបង្កើតសារមន្ទីទឹក និងអភិរក្សត្រីនេះគឺត្រូវមានរួមបញ្ចូលទាំងការភ្ញាស់កូនត្រីផងដែរដើម្បីអាចចែកចាយកូនត្រីដល់កសិករយើងយកទៅចិញ្ចឹមផងដែរ៕