(សៀមរាប)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា នីតិកាលទី០៦ បានលើកឡើងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងមានគុណធម៌ ដែលឆ្លើយតបទៅ និងការអភិវឌ្ឍន៍ សង្គម សេដ្ឋកិច្ច ឈានឆ្ពោះទៅរកការកសាងសង្គមកម្ពុជា ប្របកដោយភាពរីកចម្រើន និងជឿនលឿន។
នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភីរបស់ សាកលវិទ្យាល័យអង្គរ (Angkor University) ខេត្តសៀមរាប ចំនួន២៨៨នាក់ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ អប់រំ យុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ បានផ្តល់នូវការអប់រំស្មារតី ជំរុញឱ្យនិស្សិតទាំងអស់ត្រូវមានសេចក្តីក្លាហាន និងការព្យាយាម ក្នុងការធ្វើដំណើរលើវិថីនៃជីវិតសិក្សារបស់ខ្លួន ដោយជំនះគ្រប់ឧបស័គ្គទាំងឡាយ ហើយប្រែក្លាយឱ្យទៅជាឱកាសសម្រាប់ចាប់យកអនាគត នៅក្នុងជីវិតសិក្សាឆ្ពោះទៅរកទីផ្សារការងារ នាពេលអនាគត។
ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានី ក៏បានជំរុញឱ្យនិស្សិតទាំងអស់ ត្រូវមានសេចក្តីក្លាហាន តស៊ូ ព្យាយាម ធ្វើដំណើរលើវិថី នៃជីវិតសិក្សារបស់ខ្លួន ដោយជំនះនូវគ្រប់ឧស័គ្គ ដើម្បីក្លាយជាឱកាស សម្រាប់ការចាប់យកអនាគត ឆ្ពោះទៅរកទីផ្សារការងារ។
លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា វាពិតណាស់ថា ថ្ងៃទទួលសញ្ញាបត្រ គឺជាការទង្ទឹងរង់ចាំដ៏យូរជាមួយនិងការខិតខំរៀនសូត្រ ហើយតម្លៃនៃសញ្ញាបត្រ វាត្រូវបានឆ្លុះបង្ហាញអំពីការទទួលស្គាល់ លើការតស៊ូ ខិតខំប្រឹងប្រែងសិក្សាដើម្បីគុណភាពចំណេះដឹង មុខជំនាញរបស់ខ្លួននិងជានិមិត្តរូប នៃការឆ្លងដំណាក់កាលជីវិតសិក្សាមួយ ដែលបានឈានចូលដំណាក់កាលបន្ទាប់ តែអ្វីដែលសំខាន់ ដែលជាគុណប្រយោជន៍ នៃលទ្ធផលសិក្សា ទាំងនោះ គឺការនាំយកទ្រឹស្តីដែលបានមកពីការរៀនសូត្រ ទៅអនុវត្តជាក់ស្តែង លើប្រព័ន្ធទីផ្សារការងារ រួមទាំងការសិក្សាបន្ថែម លើបទពិសោធន៍ផងដែរ។
លោ ហ៊ុន ម៉ានី ក៏បានលើកឡើងទៀតថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព និងមានគុណធម៌ ដែលឆ្លើយតបទៅនឹងការអភិវឌ្ឍន៍ សង្គម សេដ្ឋកិច្ច ឈានឆ្ពោះទៅរកការកសាងសង្គមកម្ពុជា រីកចម្រើន ជឿនលឿន ដោយផ្អែកលើមូលដ្ឋានចំណេះដឹងជាសាកល រួមទាំងវិទ្យាសាស្រ្តបច្ចេកទេស និងចំណេះធ្វើ ស្របជាមួយនិងការរីកចម្រើន នៃបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក។
លោកបានបន្តថា ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើន សេដ្ឋកិច្ចជាមួយ និងភាពប្រកួតប្រជែងនាពេលបច្ចប្បន្ន។ ទៅថ្ងៃអនាគត នៅពេលដែលកម្ពុជា ត្រូវបានឆ្លងផុតចេញពីកម្រិត ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ឡើងទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងបន្តដំណើរឈានចូលទៅ ជាប្រទេសអភិវឌ្ឍនៅក្នុងឆ្នាំ២០៥០ ដូចបានរំពឹងទុក នៅក្នុងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យអប់រំកាន់តែមានតួនាទី សំខាន់ថែមទៀត លើការងារផលិតមូលធនមនុស្ស។
លោកឧកញ៉ា សៀង ណាំ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអង្គរ បានថ្លែងថា ឆ្លើយតបទៅនឹងគោលនយោបាយ ស្តីពី ចក្ខុវិស័យ ឧត្តមសិក្សាឆ្នាំ២០៣០ ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង អប់រំ យុវជន និងកីឡា សាកលវិទ្យាល័យអង្គរ បានកំណត់បេសកកម្មដោយផ្តោតទៅលើការបណ្តុះបណ្តាលជំនាញផ្សេងៗ ស្របតាមតម្រូវការទីផ្សារការងារជាតិ អន្តរជាតិ ការផលិតធនធានមនុស្សប្រកបដោយគុណភាព និងឧត្តមភាព និងការផ្តល់បរិយាកាស់នៃការអប់រំ ការសិក្សា ការស្រាវជ្រាវ និងការអភិវឌ្ឍពេញមួយជីវិត៕