(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានជំរុញឱ្យអាជ្ញាធរក្រុង និងមន្ទីរសាធារណៈការខេត្ត ក្រោយដាច់ទឹកភ្លៀង ត្រូវចូលរួមសហការរៀបចំប្រព័ន្ធលូរំដោះទឹក និងស្ថាបនាចាក់កៅស៊ូ ផ្លូវចូលវត្តពាលញែកឡើងវិញ ដើម្បីឱ្យក្រុងពោធិ៍សាត់ លេចចេញនូវសោភណ្ឌភាព ផាសុកភាព និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមក្នុងពិធីបុណ្យអុំទូកលើកដំបូង ក្នុងទឹកដីខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ដល់២០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ។
លោក ម៉ៅ ធនិន បានជំរុញបែបនេះ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងឱកាសចុះសួរសុខទុក្ខអាជីវករផ្សារពោធិ៍សាត់ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូ ផ្លូវ និងវេទិកាអុំទូក ក្នុងក្រុងពោធិ៍សាត់ ដោយបានការចូលរួមពីលោក ម៉ក់ រ៉ា ទីប្រឹក្សាក្រសួងមហាផ្ទៃ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរជំនាញ និងអាជ្ញាធរក្រុង។
លោក ម៉ៅ ធនិន បានថ្លែងថា ដោយមើលឃើញការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងរដូវវស្សានេះ លោកបានចាត់ឱ្យអាជ្ញាធរក្រុង និងមន្ទីរសាធារណៈការខេត្ត ក្រោយដាច់ទឹកភ្លៀង ត្រូវចូលរួមសហការ ដាក់គ្រឿងចក្ររៀបចំប្រព័ន្ធលូ និងស្ថាបផ្លូវកៅស៊ូ ចូលវត្តពាលញែក មួយខ្សែនេះ ឡើងវិញ។ ក្រោយចាក់កៅស៊ូរួចរាល់ ក្រុមហ៊ុនរៀបចំបង្គោលភ្លើង ត្រូវចាប់ផ្តើមតម្លើងភ្លើងបំភ្លឺផ្លូវ ដើម្បីឱ្យមានសោភណ្ឌភាព និងភ្លឺព្រោងព្រាត។ ចំពោះប្រជាពលរដ្ឋត្រូវចូលរួមសហការ ជាមួយអាជ្ញារមានសមត្ថកិច្ច និងមន្ទីរជំនាញ ដើម្បីឱ្យកិច្ចដំណើរការស្ថាបនា ទៅបានដោយរលូន និងមានភាពងាយស្រួល។ លោកបន្ថែមថា រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់កសាង និងអភិវឌ្ឍន៍ប្រទេស នាំមកនូវសុខសន្តិភាព ដែលរកបានដោយលំបាក ឈានទៅកាត់បន្ថយភាពក្រីក្រី ជូនប្រជាពលរដ្ឋ។
លោកបានឱ្យដឹងដែរថា ជាប្រវត្តិសាស្ត្រក្រោយឆ្នាំ១៩៧៩ ខេត្តពោធិ៍សាត់ពុំដែលមានកម្មវិធីប្រណាំងទូកនោះឡើយ សម្រាប់ដើមអាណត្តិទី៦ នៃរដ្ឋសភា ខេត្តពោធិ៍សាត់នឹងមានរៀបចំពិធីប្រណាំងទូកនៅតាមដងស្ទឹងពោធិ៍សាត់ ទល់មុខផ្លូវចូលវត្តពាលញែក ដែលមានទូកចូលរួម ប្រគួតប្រជែង រហូតទៅដល់១៣គូ ជាមួយនឹងសម្លៀកបំពាក់ប្រពៃណី តាមព័ណ៌ចំណុះទូក។ ចំពោះវេទិកាទស្សនាស្ថាបនាឡើង ដោយប្រភេទឈើប្រណិត សាងសង់ទៅតាមបទដ្ឋានបុរាណខ្មែរ ជាសំណង់ប្រវត្តិសាស្ត្រទុកជូនកូនចៅជំនាន់ក្រោយបានប្រើប្រាស់ ជាប្រយោជន៍សាធារណៈ។
ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋចូលរួមថែទាំ សម្អាតអនាម័យ ជុំវិញផ្លូវក្នុងទីប្រជុំជន និងតាមដងស្ទឹង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាឱ្យបានច្រើនកុះករ ក្នុងពិធីបុណ្យអុំទូកលើកដំបូង ក្នុងទឹកដីខេត្តពោធិ៍សាត់ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹទ្ធទៅចាប់ពីថ្ងៃទី១៩ ដល់២០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ៕