(កំពង់ចាម)៖ លោក លី វ៉ាន់ហុង អនុរដ្ឋលេខាធិការ និងជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន បានលើកឡើងថា មានមនុស្សចាស់តម្រង់ផ្លូវទើបមានយុវជនបោះជំហានត្រូវ ជាសសរទ្រូងដ៍រឹងមាំ និងប្រភពធនធានដ៏មានតម្លៃសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ហើយលោកក៏បានចាត់ទុកមនុស្សចាស់ព្រឹទ្ធាចារ្យ ជាឪពុក-ម្តាយ ដែលយើងទាំងអស់គ្នា ត្រូវតែគោរព និងរៀនសូត្រតាម។
លោក លី វ៉ាន់ហុង បានបន្ថែមថា ដូចគ្នានេះដែរ មានជ័យជម្នះ៧មករា ទើបយើងមានអ្វីៗដូចថ្ងៃនេះ ដែលជាជ័យជម្នះមានគុណបំណាច់ដ៏ធំធេង ក្នុងបុព្វហេតុជួយប្រទេសចេញពីសង្គ្រាម រហូតទទួលបានសុខសន្តិភាព ដែលធ្វើឱ្យកម្ពុជា មានការអភិវឌ្ឍបានមកដល់សព្វថ្ងៃនេះ។
ការលើកឡើងបែបនេះនៅក្នុងឱកាសដែលលោកចូលរួមជាអធិបតី ពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០១៨ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតនៅឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
លោកបានគូសបញ្ជាក់ថា ដោយការគោរពដឹងគុណ ដល់គុណណូបការៈដែលចាស់ទុំព្រឹទ្ធាចារ្យយើងបានបន្សល់ទុក ជាការដឹងគុណមួយនេះ ជាមហាធំធេង ដែលក្នុងនាមជាអ្នកដឹកនាំ ជាអ្នកបន្តវេន ជំនាន់ក្រោយនេះ គឺដាច់ខាតត្រូវតែធ្វើការរៀនសូត្រ តាមនូវគំរូវីរៈភាពនៃការលះបង់ របស់ព្រឹទ្ធាចារ្យយើង ទើបលោកនិងក្រុមការងារ បានប្រារព្ធធ្វើពិធីនេះឡើង នាពេលនេះ។
បន្ទាប់ពីសំណេះសំណាល និងសួរសុខទុក្ខរួចមក ក្នុងឱកាសនោះ លោក លី វ៉ាន់ហុង និងលោកស្រី រួមជាមួយសហការី បានចែកជូនប្រជាពលរដ្ឋជាចាស់ព្រឹទ្ធាចារ្យ ទាំងអស់នៅឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលមានអាយុ៧០ឆ្នាំឡើង ចំនួន ៦០៥នាក់ ក្នុងម្នាក់ៗទទួលបានថវិការ ចំនួន២ម៉ឺនរៀលផងដែរ៕