(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញទៅចូលរួមជំនួបថ្នាក់ដឹកនាំអាស៊ាន រយៈពេល៣ថ្ងៃ នៅថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែតុលា។
ជំនួបថ្នាក់ដឹកនាំអាស៊ាននេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព និងភាពជោគជ័យក្នុងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក» ស្របជាមួយនឹងកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាអភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ឆ្នាំ២០១៨។
តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា លោក Petteri Orpo ប្រធានកិច្ចប្រជុំប្រចាំឆ្នាំ លោកស្រី Christine Lagarde អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ និងលោក Jim Yong Kim ប្រធានធនាគារពិភពលោកក៏បានអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្រ្តី ជាភ្ញៀវកិត្តិយសពិសេស នៅក្នុងពិធីកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំ នៅថ្ងៃទី ១២ ខែតុលា ផងដែរ។
សម្តេចតេជោ នឹងត្រូវអមដំណើរដោយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកទេសរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម សមាជិកជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ក្នុងឱកាសនៃកម្មវិធីជំនួបថ្នាក់ដឹកនាំអាស៊ាននោះដែរ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះ ស្តីពីភាពរឹងមាំនៃសេដ្ឋកិច្ចអាស៊ាន ទីផ្សារដ៏មានសក្តានុពល បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងគោលដៅអភិវឌ្ឍន៍សហស្សវត្ស។
ថ្នាក់ដឹកនាំអាស៊ាននឹងប្រើប្រាស់ឱកាសនេះ ដើម្បីផ្លាស់ប្តូរទស្សនៈ និងបង្កើនទំនាក់ទំនងថែមទៀត ជាមួយអគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រធានធនាគារពិភពលោក និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការបង្កើតឡើងនូវកំលាំងសរុបរវាងកិច្ចប្រឹងប្រែងថ្នាក់ជាតិ អាស៊ាន និងស្ថាប័នហិរញ្ញវត្ថុសកល ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ទាក់ទងដល់ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុនៅក្នុងតំបន់ និងការបង្កើនល្បឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសមាហរណកម្មតំបន់៕