(ជប៉ុន)៖ ថ្លែងចេញពីទឹកដីប្រទេសជប៉ុន នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាស់តឿនដល់និស្សិត និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សា ធ្វើការងារ និងស្នាក់នៅប្រទេសជប៉ុន ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ ដែលប្រឌិតឡើងដោយក្រុមជនគតិមួយចំនួន។
ក្នុងជំនួបសំណេះសំណាលដែលមានការចូលរួមពីនិស្សិត ពលរដ្ឋខ្មែរកំពុងសិក្សា និងរស់នៅប្រទេសជប៉ុនប្រមាណជា ៣៥០នាក់ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការបំពុលព័ត៌មាននៅតាមបណ្តាញសង្គមនាពេលបច្ចុប្បន្ន ដែលរួមមានទាំងព័ត៌មានពាក់ព័ន្ធនឹងសម្តេចផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា នាពេលកន្លងទៅមានការបង្ហោះព័ត៌មានថា សម្តេចស្លាប់ ព្រមទាំងបានចូលលួចយក Facebook សម្តេចទៅគ្រប់គ្រង និងបង្ហោះព័ត៌មានមិនពិតជាដើម។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្នមិនមានអ្វីជារណាំងក្នុងការស្វែងរកព័ត៌មានពិតពីប្រទេសកម្ពុជានោះទេ។ ក្នុងន័យនេះប្រមុខរាជរដ្ឋាភិបាល ចង់ឲ្យនិស្សិត និងពលរដ្ឋខ្មែរនៅជប៉ុន មានការផ្ទៀងផ្ទាត់ឲ្យច្បាស់ជាមួយព័ត៌មានស្រុកខ្មែរមុននឹងពួកគេជឿទៅលើរឿងអ្វីមួយដែលបង្ហោះនៅលើបណ្តាញសង្គមនោះ។
ពាក់ព័ន្ធបញ្ហាព័ត៌មានក្លែងក្លាយនេះ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា បច្ចុប្បន្នប្រទេសជាច្រើននៅលើពិភពលោកកំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ រហូតធ្វើច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយនេះថែមទៀតផង។ ជាពិសេសបារាំង ជាប្រទេសឈានមុខគេមួយ និងបានចាប់ផ្តើមអនុវត្តច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ។
ជាការកត់សម្គាល់ការក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលើបណ្តាញសង្គម Facebook នាពេលបច្ចុប្បន្នមានការបំភ្លៃព័ត៌មានជាច្រើន ដោយក្រុមជនមានចេតនាមិនល្អ ចំពោះរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសនោះមានទំព័រ Facebook ជាច្រើនទៀត របស់ស្ថាប័នជាតិ រួមទាំងទំព័រ Facebook របស់ទូរទស្សន៍ជាតិផង ត្រូវបានក្រុមជនអនាមិកលួចយកទៅគ្រប់គ្រង និងបង្ហោះព័ត៌មានផ្សេងៗ ដែលត្រូវបានគេអះអាងថាជាការរៀបចំ និងបំភ្លៃពីក្រុមជនទុច្ចរិតនោះ៕