(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញ បានបង្ហាញថា មានប្រជាពលរដ្ឋសរុបប្រមាណ ៧,៥៣៧នាក់ បានប្រើប្រាស់រថយន្តក្រុងសាធារណៈ ដែលជារថយន្តផ្តល់ការដឹកជញ្ជូនដោយមិនគិតថ្លៃធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេ។
របាយការណ៍ដែលអង្គការភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨នេះ បានបង្ហាញថា នៅថ្ងៃទី០៦ ខែតុលា ដែលជាថ្ងៃដំបូងនៃការចាប់ផ្តើមដឹកជញ្ជូនប្រជាពលរដ្ឋ សាលារាជធានីភ្នំពេញ បានបញ្ចេញរថយន្តចំនួន ៨៧គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដោយមានប្រជាពលរដ្ឋជិះសរុប ៣២០០នាក់។ សម្រាប់ថ្ងៃទី០៧ ខែតុលា វិញ សាលារាជធានីភ្នំពេញ បានបញ្ចេញរថយន្តចំនួន ១០១គ្រឿង ដោយដឹកប្រជាពលរដ្ឋសរុបប្រមាណ ៤,៣៣៧នាក់។
ដើម្បីជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋពេលទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃ។ សាលារាជធានីភ្នំពេញ បានចាត់ចែងរថយន្តរហូតដល់ទៅ ១២០គ្រឿង ពង្រាយនៅតាមគោលដៅនានាក្នុងរាជធានីភ្នំពេញ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្តាខេត្តនៅជាប់ផ្លូវជាតិទាំងអស់ចាប់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១១ ខែតុលា។
តាមរយៈរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញនេះ គេបានសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើនបានស្កាត់មកជិះរថយន្តទាំងនេះទៅលេងស្រុកកំណើតរបស់ពួកគេ។ ការស្កាត់មកប្រើប្រាស់រថយន្តនេះ ព្រោះវាបានជួយឲ្យពួកគាត់កាត់បន្ថយការចំណាយថ្លៃសំបុត្ររថយន្តបានយ៉ាងច្រើនសម្រាប់យកទៅចំណាយផ្សេងៗក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ប្រជាពលរដ្ឋដែលនៅខេត្តឆ្ងាយៗដូចជា បាត់ដំបង និងបន្ទាយមានជ័យជាដើម ពួកគេត្រូវចំណាយថ្លៃសំបុត្ររថយន្តយ៉ាងតិច ៣ម៉ឺន ទៅ៥ម៉ឺនរៀលសម្រាប់ម្នាក់ ហើយបើគេមានគ្នា៣ទៅ៤នាក់ គឺត្រូវចំណាយរហូតដល់ទៅជាង ១០ម៉ឺនរៀល។ ដូច្នេះការបញ្ចេញរថយន្តរបស់សាលារាជធានីភ្នំពេញដឹកជញ្ជូនពួកគេទៅកាន់ស្រុកកំណើត បានជួយសន្សំលុយពួកគេយ៉ាងច្រើនផងដែរ។
ប្រជាពលរដ្ឋដែលមកប្រើប្រាស់រថយន្តសាលារាជធានីភ្នំពេញទៅកាន់ស្រុកកំណើត សុទ្ធតែបានបង្ហាញភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តួចផ្តើមកម្មវិធីដឹកជញ្ជូនមិនគិតថ្លៃនេះឡើង។ ប្រជាពលរដ្ឋបានចាត់ទុកកាយវិការនេះជាការយកចិត្តទុកដាក់ខ្ពស់មួយលើជីវភាពរបស់ប្រជាពលរដ្ឋពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ខាងក្រោមជាវីដេអូកិច្ចសម្ភាសន៍ចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ៖