(ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសជប៉ុន បានចូលរួមចំណែកដោយឥតសំចៃ ក្នុងការស្វែងរកសុខសន្តិភាព ព្រមទាំងការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះក្នុងពេលអញ្ជើញពិសារអាហារថ្ងៃត្រង់ការងារជាមួយលោកស្រី ហ្វុមីកូ ហាយ៉ាស៊ី អភិបាលក្រុងយូកូហាម៉ា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨នេះ។
ក្នុងជំនួបអាហារការងារនោះ លោកស្រីអភិបាលក្រុង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់សម្តេចតេជោ និងគណៈប្រតិភូដែលបានជ្រើសរើសយកទីក្រុងយូកូហាម៉ា សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ មុនពេលសម្តេចនិងមេដឹកនាំប្រទេសមេគង្គចំនួន៤ទៀត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១០ ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី៩តុលា។
ក្នុងឱកាសនោះលោកស្រីអភិបាលក្រុង បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសជប៉ុន និងកម្ពុជា។ លោកស្រី បានលើកឡើងថា ទីក្រុងយូកូហាម៉ា ពិសេសកំពង់ផែអន្តរជាតិយូកូហាម៉ា មានកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងណាស់ជាមួយកំពុងផែស្វយ័តខេត្តព្រះសីហនុ។ លោកស្រី បានរំលឹកដែរថា ឆ្នាំ២០១៨នេះ ជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន ហើយរយៈពេល៦៥ឆ្នាំកន្លងមកនេះ កម្ពុជា និងជប៉ុន តែងតែបានជួយគ្នាទៅវិញទៅមក ក្នុងផលប្រយោជន៍នៃប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំក្រុងយូកូហាម៉ា ដែលបានរៀបចំទទួលបដិសណ្ឋារកិច្ច និងទទួលទានអាហារការងារថ្ងៃត្រង់ជូនចំពោះសម្តេច និងគណៈប្រតិភូ។ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីតួនាទី និងការចូលរួមចំណែកដ៏សំខាន់របស់ប្រទេសជប៉ុន ក្នុងការស្វែងរកសុខសន្តិភាព ស្តារ និងអភិវឌ្ឍប្រទេសកម្ពុជា ក្រោយងើបចេញពីភ្លើងសង្គ្រាម។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ «ការរីកចម្រើនរបស់ប្រទេសកមក្ពុជានៅពេលបច្ចុប្បន្ននេះ គឺពិតជាមិនអាចកាត់ផ្តាច់ចេញពីជួយឧបត្ថម្ភគាំទ្រពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុននោះទេ»។
សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានបង្កើតនូវទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី៩ ខែមករាឆ្នាំ១៩៥៣។ នៅឆ្នាំ១៩៩២ ជប៉ុនបានបើកស្ថានទូតនៅកម្ពុជា ជាមួយគ្នានេះកម្ពុជាក៏បានបើកស្ថានទូតនៅទីក្រុងតូក្យូ ឡើងវិញនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៤។ ប្រទេសជប៉ុនបានបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការនៃការពង្រឹងសុខសន្តិភាព និងឯកភាពជាតិរបស់កម្ពុជា ហើយក៏ជាដៃគូដ៏សំខាន់ដែលបានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើនក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៣ ប្រទេសទាំងពីរកម្ពុជា និងជប៉ុន បានដំឡើងឋានៈ នៃទំនាក់ទំនងរបស់ខ្លួនក្លាយទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីបន្តពង្រឹង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ក្នុងគោលដៅជំរុញកិច្ចអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែមានកម្រិតខ្ពស់ និងប្រកបដោយចីរភាព តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ និងការបង្កើនវិនិយោគទុនរបស់ជប៉ុននៅកម្ពុជា។
នៅលើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រទេសជប៉ុនបាននាំចូលទៅកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១១ មានទំហំ ៣០៧លាន ៦៩ពាន់ដុល្លារអាមេរិក, ឆ្នាំ២០១២ មានទំហំ ៦០២លាន ៧៤ពាន់ដុល្លារ និងនៅ ៦ខែដើមឆ្នាំ២០១៣ មានទំហំ ៨៥លាន ១៧ពាន់ដុល្លារអាមេរិក។ ជាមួយគ្នានេះការនាំចេញពីកម្ពុជាទៅកាន់ប្រទេសជប៉ុន ក្នុងឆ្នាំ២០១១ មានទំហំ ២០៤លាន ៨៧ពាន់ដុល្លារ ឆ្នាំ២០១២ មានទំហំ ១៩៧លាន ៧ពាន់ដុល្លារ និង៦ខែដើមឆ្នាំ២០១៣ មានទំហំ១២៩លាន៧០ពាន់ដុល្លាអាមេរិក។
ប្រទេសជប៉ុនបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅចំនួន ៣៥៥៥មុខទំនិញ និងការលើកលែងពន្ធគយ និងកូតាចំនួន ៨៨៥៩មុខ ក្នុងនោះទំនិញកសិកម្ម និង នេសាទ ១៩៨៣មុខ ទំនិញឧស្សាហកម្មមាន ៦៩៦៦មុខ ក្នុងនោះលើកលែងតែផលិតផលស្ករ អង្ករ ផលិតផលត្រីមួយចំនួន ម្សៅ និងផលិតផលស្បែកខ្លះ។ ទន្ទឹមនឹងនេះប្រទេសជប៉ុន បានធ្វើការវិនិយោគនៅកម្ពុជា ក្នុងនោះឆ្នាំ២០១១ មានទំហំ ១២០លានដុល្លារអាមេរិក ឆ្នាំ២០១២ មានទំហំ២១២លាន ៣៣ពាន់ដុល្លារ និង ៩ខែដើមឆ្នាំ២០១៣ មានទំហំ ២០លាន ៩២ពាន់ដុល្លារ វិនិយោគលើវិស័យឧស្សាហកម្ម កាត់ដេរ សម្លៀកបំពាក់ ការសាងសង់ផ្សារទំនើប និងការកែច្នៃឈើ។
លើវិស័យទេសចរណ៍ មានអ្នកទេសចរណ៍ជប៉ុន ធ្វើដំណើរមកទស្សនាប្រទេសកម្ពុជាមានការកើនឡើងផងដែរ។ ក្នុងនោះឆ្នាំ២០១២ មានអ្នកទេសចរណ៍ជប៉ុន មកកាន់ប្រទេសកម្ពុជា មានចំនួន ១៧៩ពាន់ ៣២៧នាក់ ស្ថិតនៅលំដាប់ថ្នាក់ទី៦ និងក្នុងរយៈពេល ៩ខែនៃឆ្នាំ២០១៣ មានអ្នកទេសចរណ៍ជប៉ុនមកកាន់កម្ពុជាមានចំនួន១៥០ពាន់៣៤៧នាក់ បានកើនឡើង១៥,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៣ ពោលគឺនៅតែរក្សាលំដាប់លេខរៀងទី៦ នៃចំនួនភ្ញៀវទេសចរណ៍បរទេសដែលមកទស្សនាប្រទេសកម្ពុជា។
លើការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ ប្រទេសជប៉ុនបានរួមចំណែកដល់ការផ្តល់ជំនួយឥតសំណងដ៏ធំធេងគេបំផុត ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាឡើងវិញ។ ក្នុងនោះក្នុងឆ្នាំ២០១២-២០១៣ ប្រទេសជប៉ុនបានផ្តល់នូវជំនួយឥតសំណងមានទឹកប្រាក់ ១១២លាន ៤សែនដុល្លារអាមេរិក សម្រាប់បម្រើដល់ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល គ្រោះមហន្តរាយដោយទឹកជំនន់ រោងចក្រវារីអគ្គិសនីខ្នាតតូច អប់រំ ការផ្គត់ផ្គង់ទឹកស្អាត និងកម្មវិធីបោសសំអាតគ្រាប់មីន។
នៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និតភាគីទាំងពីរកម្ពុជា ជប៉ុន បានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ជាច្រើន ក្នុងនោះកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការបច្ចេកទេស ចុះហត្ថលេខាក្នុងឆ្នាំ២០០៣ កិច្ចព្រមព្រៀងស្តីពីសេរីភាវូបនីយកម្ម ការជំរុញនិងការការពារវិនិយោគ ចុះហត្ថលេខាក្នុងឆ្នាំ២០០៧ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលក្នុងក្របខណ្ឌប្រតិបត្តិការរក្សាសន្តិភាព អង្គការសប្រជាជាតិ ចុះហត្ថលេខាក្នុងឆ្នាំ២០១៣។
អនុស្សារណៈស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យថែទាំសុខភាព ចុះហត្ថលេខាក្នុងឆ្នាំ២០១៣ ជាមួយគ្នានេះនៅក្នុងដំណើរទស្សនកិច្ចការងារផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី មកកាន់ប្រទេសជប៉ុនកាលពីខែធ្នូ ឆ្នាំ២០១៣ រដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ និងអនុស្សារណៈសំខាន់ៗចំនួន៤ ក្នុងនោះទី១ លិខិតប្តូរសារស្តីពីគម្រោងកែលំអរផ្លូវជាតិលេខ១, ទី២ លិខិតប្តូរសារស្តីពីគំរោងការធ្វើឲ្យប្រសើរឡើង នូវមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, ទី៣ លិខិតប្តូរសារស្តីពីគម្រោងកែលំអសម្ភារៈសម្រាប់ការជួសជុលស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត និងទី៤ អនុស្សារណៈស្តីពីការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការយោធា រវាងក្រសួងការពារជាតិជប៉ុន និងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ពិសេសការតម្លើង ទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងភាពជាដៃគូយុទ្ធសាស្រ្ត៕