(កំពង់ឆ្នាំង)៖ ដូចដែលលោកអ្នកបានដឹងហើយថា រាជធានីយសោធរបុរៈទី១ មានប្រាសាទភ្នំបាខែងជាស្នូល រាជធានីយសោធរបុរៈទី២ មានប្រាសាទអង្គរវត្តជាស្នូល រីឯរាជធានីសយោធរបរៈទី៣ មានប្រាសាទកោះកេរ្តិ៍ ជាស្នូល ហើយរាជធានីយសោធរបុរៈទី៤ មានប្រាសាទបាយ័នជាស្នូររាជធានី។
ដោយឡែក រាជធានីលង្វែករបស់ព្រះបាទច័ន្ទរាជា មានវត្តត្រឡែងកែងជាស្នូររាជធានី ដែលពោរពេញទៅដោយភាពស័ក្តិសិទ្ធិយ៉ាងអស្ចារ្យ។
បើតាមលោកតា ញ៉ែម ជា អាចារ្យទី១ នៃគណៈកម្មការវត្តត្រឡែងកែង បានឱ្យដឹងថា វត្តត្រឡែងកែងនេះ ជាទីអារាមមួយមានវ័យចំណាស់ជាងគេនាសម័យលង្វែក ដោយក្នុងសម័យនោះ វត្តត្រឡែងកែងមានឈ្មោះថា ព្រះវិហារមណ្ឌល។
ទីអារាមដ៏ស័ក្តិសិទ្ធិនេះ ត្រូវបានកសាងឡើងក្នុងរាជ្ជកាលព្រះបាទច័ន្ទរាជា នៅរវាងគ្រិស្តសករាជ ១៥២៥-១៥៩៥ ដើម្បីឧទ្ទិសដល់ជ័យជម្នះរបស់ទ្រង់ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងព្រះបាទស្រីជេដ្ឋាស្ដេចកន និងដើម្បីរំលឹកពីជោគជ័យរបស់ព្រះអង្គលើពួកសៀម ដែលចូលលុកលុយប្រទេសខ្មែរ ព្រោះពេលដែលព្រះអង្គកំពុងធ្វើសង្គ្រាមនោះ ព្រះអង្គបានបួងសួងថា សូមឱ្យវត្ថុស័ក្ដិសិទ្ធិជួយជាកម្លាំង បើព្រះអង្គធ្វើសង្គ្រាមឈ្នះលើទ័ពពួកបច្ចាមិត្ត ព្រះអង្គនឹងកសាងវត្តអារាមឱ្យគ្រប់ចំនួន ១០១វត្ត ដើម្បីបូជាចំពោះព្រះពុទ្ធសាសនា។
ក្រោយពេលចប់សង្គ្រាម ព្រះបាទច័ន្ទរាជាបានឡើងគ្រងរាជ្យសម្បត្តិគ្រប់គ្រងព្រះរាជាណាចក្រខ្មែរទាំងមូល ហើយព្រះអង្គបានចាត់ចែងកសាងវត្តតាមពាក្យសច្ចាប្រាកដមែន ក្នុងនោះមានវត្តត្រឡែងកែង ដែលស្ថិតនៅក្នុងរាជធានីថ្មីតែម្ដង។
នៅក្នុងរាជធានីលង្វែក លោកអ្នកអាចទស្សនាព្រះវិហារបុរាណមួយក្នុងវត្តត្រឡែងកែង មានឈ្មោះថា ព្រះវិហារមុខបួន ដែលកសាងឡើងតាមបែបរចនាបទខ្មែរសម័យនគរភ្នំ។ នៅក្នុងវិហារបុរាណនេះ មានព្រះពុទ្ធបដិមាត្រឡែងកែងទ្រង់ឈរទល់ខ្នងគ្នាជាបួនទិស។
ឆ្ពោះទៅទិសខាងកើតឈៀងខាងជើង នៃព្រះវិហារមុខបួនបន្តិច មានប្រាសាទចំណាស់មួយទៀត គឺប្រាសាទព្រះគោព្រះកែវ ដែលនៅទីនោះមានតម្កល់ព្រះពុទ្ធបដិមា បដិមាព្រះគោព្រះកែវ និងបដិមាតូចធំនានា។
នៅក្នុងទីអារាមវត្តត្រឡែងកែង នៃរាជធានីលង្វែកនេះ គឺសម្បូរទៅដោយសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌជាច្រើនទៀត ដូចជាស្រះទឹកនាងពៅ ដែលនៅបាតស្រះ ពេលទឹកស្រកនារដូវប្រាំង គេឃើញមាននៅសល់សសរច្រូងច្រាង អ្នកស្រុកស្គាល់ថាជាសសរប្រាសាទនាងពៅ ទើបគេហៅថាប្រាសាទនាងពៅ។
បើតាមការតំណាលរបស់លោក ញ៉ែម ជា បានឱ្យដឹងថា រូងពស់ត្បាលនៃវត្តត្រឡែងកែងនេះ ជាផ្លូវក្រោមដីមួយតភ្ជាប់ពីវត្តត្រឡែងកែង កាត់តាមក្រោមភ្នំព្រះរាជទ្រព្យ ហើយបន្តធ្លាយដល់ភ្នំប្រសិទ្ធិទៀតផង។
នៅក្នុងព្រះវិហារមុខបួន លោកអ្នកក៏អាចទស្សនាការប្រគំភ្លេងពិណពាទ្យយ៉ាងពិរោះរណ្ដំផងដែរ ដែលឧបករណ៍ភ្លេង និងអ្នកភ្លេងប្រចាំការនៅទីនោះស្រាប់ សម្រាប់ប្រជាពលរដ្ឋដែលធ្វើពិធីថ្វាយភ្លេងលាបំណន់ជាដើម។
លោកតា អ៊ុង ហន បានរៀបរាប់ផងដែរថា អតីតរាជធានីលង្វែកនៅមានស្លាកស្នាមប្រវត្តិសាស្ត្រជាច្រើនទៀត ដែលបុព្វបុរសបានបន្សល់ទុកលើផែនភសុធាយើងនេះ។
ទន្ទឹងនឹងការអំពាវនាវរបស់លោកតាអាចារ្យវត្ត លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ពីការផ្សព្វផ្សាយព័ត៌មានអំពីវត្តត្រឡែងកែង ទៅកាន់ទីផ្សារទេសចរជាតិ-អន្តរជាតិផងដែរ។
ជាមួយគ្នានោះ លោកប្រធានមន្ទីរក៏បានចុះណែនាំដល់គណៈគ្រប់គ្រងវត្តទាំងមូល រួមជាមួយអាជីវករដែលលក់ដូរនៅក្នុងវត្តត្រឡែងកែង ឱ្យយកចិត្តទុកដាក់ចំពោះបញ្ហាសំរាម កាក់សំណល់ផ្សេងៗផងដែរ។
បើតាមលោក សេង សាលី ក្រៅពីរមណីយដ្ឋានវត្តត្រឡែងកែង ខេត្តកំពង់ឆ្នាំក៏មានតំបន់ទេសចរណ៍ជាច្រើនទៀតផងដែរ៕