(ថៃ)៖ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូ រួមជាមួយនិងមន្រ្តីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងអាជ្ញាធរដែនដីរបស់ប្រទេសថៃ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨នេះ បានរៀបចំពិធីបុណ្យភ្ជុំបិណ្យជូនដល់ពលករ ពាណិជ្ជករ និស្សិតកម្ពុជាជាង៧ពាន់នាក់ ដែលប្រព្រឹត្តទៅនៅវត្តស៊ីសុដារាម សង្កាត់បាឃុននន្ទ ខណ្ឌបាងកក ប្រទេសថៃ។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលបានគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់ពលករ ពាណិជ្ជករ និងនិស្សិតដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃទាំងអស់ជាដារាបរៀងមក។
លោក អុិត សំហេង បានថ្លែងអំណរអរព្រះគុណ និងអរគុណគណៈកម្មការវត្ត សមាគមខេមរនិស្សិត សមាគមមិត្តភាពកម្ពុជា ថៃ អាជ្ញាធរថៃ ដែលបានបង្កលក្ខណៈជូនបងប្អូនខ្មែរ រៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមគន្លងប្រពៃណី ហើយដែលពិធីបុណ្យនេះ ជាបុណ្យប្រពៃណីខ្មែរដែល តែងតែជួបជុំគ្រួសារធ្វើពិធីដាក់បិណ្ឌ ឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានចែកឋានទៅកាន់សុគតិភព។
លោករដ្ឋមន្ត្រីបានបញ្ជាក់ដល់ជាពលករ ពាណិជ្ជករ និងនិសិស្សិតដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃថា ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិយាកាសល្អ ដោយរាជរដ្ឋាភិបាល បានសម្រួលដល់ប្រជាពលរដ្ឋ ទៅធ្វើបុណ្យបានឈប់បីថ្ងៃបើកប្រាក់ខែមុនពិធីបុណ្យ និងផ្ដល់ឡានក្រុង រថភ្លើង ជិះមិនបង់ប្រាក់ ក្នុងឱកាសទៅលេងស្រុកកំណើតផង។
លោករដ្ឋមន្រ្តីបានបញ្ជាក់ជូនដល់ពលករ ពាណិជ្ជករ និងនិស្សិតថាបន្តថា បច្ចុប្បន្ននេះ ប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពភាព តាមរយៈការបោះឆ្នោត ថ្ងៃ ២៩កក្កដា កន្លងទៅ ដោយគណបក្សប្រជាជនកម្ពុជា ទទួលជោគជ័យ ១០០% ប្រជាជនជាង៨៣% បានទៅបោះឆ្នោត។ ថ្ងៃទី៦កញ្ញា រាជរដ្ឋាភិបាល អាណត្តិថ្មីទី៦ បានបង្កើតឡើង ដោយជោគជ័យ ដោយសម្ដេចតេជោ ហ៊ុនសែន បានបន្តជានាយករដ្ឋមន្ត្រី អាណត្តិទី៦ បន្តទៀត ហើយសម្តេចបានដាក់ចេញ កម្មវិធីនយោបាយនានាជាច្រើនដើម្បីការពារ កសាងប្រទេស និងលើកកំពស់ជីវភាពរបស់ប្រជាជន។
រាជរដ្ឋាភិបាលបានបន្តអនុវត្ត គោលនយោបាយ ផ្ដល់ឱកាសជូនបងប្អូន ប្រជាពលរដ្ឋរកការងារដែលពេញចិត្តនៅក្រៅប្រទេស ជាពិសេសបងប្អូនពលករខ្មែរនៅថៃ ដែលបាន រកបានការងារស្របច្បាប់ តស៊ូរកចំណូលផ្ដល់ជូនគ្រួសារ ជាពលរដ្ឋខ្មែរដ៏ឆ្នើមដែលមានទឹកចិត្តស្នេហាជាតិមាតុភូមិ តាមរយៈការងារបងប្អូនបានផ្ញើប្រាក់ គ្រួសារវិញសរុប ប្រមាណជា២ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលនេះក៏បានរួមចំនែកមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។
លោកបានបញ្ជាក់បន្តថា ដើម្បីការពាររក្សាការងារ និងប្រាក់ចំណូលរបស់កម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការ លើវិសយ័ការងារ និងពលកម្មរវាងប្រទេសទាំងពីរ គឺ ៤ឆ្នាំកន្លងទៅ កម្ពុជា-ថៃបានសម្រេចជោគជ័យ ក្នុងការដោះស្រាយបញ្ហាពលករពិសេស ការផ្ដល់ភាពស្របច្បាប់ជូនបងប្អូនជាងកន្លះលាននាក់ មកទល់ពេលនេះបងប្អូននៅថៃមាន ១លាន ៨ម៉ឺននាក់ សុទ្ធតែស្របច្បាប់ទាំងអស់។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំងទីប្រឹក្សាទទួលបន្ទុកពលករអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ មន្រ្តីនៃនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតំណាងក្រុមហ៊ុនហាយសឹលូសិន ហូលឌីង ខូអិលធីឌី ជាមន្រ្តីបង្គោល ដើម្បីចាំសម្របសម្រួល និងជួយដល់ពលករក្នុងពេលមានបញ្ហា និងតម្រូវការចាំបាច់នានា។ ពាក់ព័ន្ធនឹងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម បងប្អូនពលករយើងនឹងទទួលបានអត្ថប្រយោជន៍ចំនួន៧រួមមាន៖ ព្យាបាលជំងឺ មាតុភាព ពិការភាព បាត់បង់ជីវិត សោធននិវត្ត ភាពអត់ការងារធ្វើ និងការថែទាំកុមារ តែពលករត្រូវបង់វិភាគទាន ៥% នៃប្រាក់ខែ ដើម្បីជូនដល់រដ្ឋាភិបាលថៃ ហើយរបបនេះបងប្អូននឹងទទួលបានជារៀងរហូតទោះបីចប់ការងារនៅថៃ វិលត្រឡប់ទៅកម្ពុជាវិញក៏ដោយ។
នៅក្នុងឱកាសនេះដែរ លោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ក៏បានអំពាវនាវដល់បងប្អូនរស់នៅ និងធ្វើការដោយគោរពច្បាប់ រក្សាសាមគ្គីភាព រវាងខ្មែរ និងខ្មែរ រវាងខ្មែរ និងថៃ រស់នៅក្នុងភាពសប្បាយរីករាយក្នុងសហគមន៍ និងតាមកន្លែងធ្វើការ គិតគូរពីបញ្ហា សុខភាព ជាចម្បង និងឆ្លៀតពេលទៅលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យទាន និងថ្ងៃឈប់ម្រាកផងដែរ។
លោកបានជូនពរដល់បងប្អូនពលករខ្មែរទាំងអស់នៅគ្រប់ទិសទី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាត់ខ្មែរ សូមទទួលបាននូវពុទ្ធពរ និងពរជ័យទាំង៥ ប្រការគឺ អាយុ វណ្ណះ សុខះ ពលះ និងបដិភាណះ កុំបីឃ្លៀងឃ្លាតឡើយ៕