(កំពង់ធំ)៖ ចេញដំណើរពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ កាត់តាមទីរួមខេត្តកំពង់ធំ និងបន្តដំណើរបែកតាមផ្លូវជាតិលេខ៦២ ដែលជាផ្លូវឆ្ពោះទៅខេត្តព្រះវិហារនោះ លោកអ្នកនឹងឃើញផ្លូវក្រាលកៅស៊ូមួយខ្សែនៅខាងស្ដាំដៃ ឆ្ពោះទៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលជារមណីយដ្ឋានទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយរបស់ព្រះរាជាណាចក្រកម្ពុជា។
តំបន់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ អាចនិយាយបានថា តំបន់ប្រាសាទសំបូរព្រៃគុកនេះ មានទីតាំងស្ថិតនៅចំកណ្ដាលប្រទេសកម្ពុជាតែម្ដង។
រមណីយដ្ឋានតំបន់ប្រាសាទសំបូរព្រៃគុក ជារាជធានីខ្មែរសម័យចេនឡាមានឈ្មោះថា «ឥសានបុរៈ គឺមានន័យថាទីក្រុងរបស់ព្រះឥសូរ ឬព្រះសិវៈ» ដែលត្រូវបានកសាងឡើងនៅចុងសតវត្សទី៦ និងដើមសតវត្សទី៧ នៃគ្រិស្តសករាជ ពោលគឺនៅអំឡុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ ឬព្រះឥសូរ ពីព្រោះសម័យនោះ រាជធានីឥសានបុរៈនេះក៏ជាមជ្ឈមណ្ឌលនៃព្រហ្មញ្ញសាសនាដ៏ធំមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
រមណីយដ្ឋានតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចែកចេញជា៤ក្រុមធំៗ គឺក្រុមប្រាសាទខាងជើង ក្រុមប្រាសាទកណ្តាល ក្រុមប្រាសាទខាងត្បូង និងក្រុមប្រាសាទក្រោលរមាស ដែលក្រុមប្រាសាទនីមួយៗសុទ្ធតែសាងសង់ឡើងអំពីឥដ្ឋតាន់ និងថ្មបាយក្រៀម ក្នុងទម្រង់ជារចនាសម្ពន្ធ។
តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នាវេលាម៉ោង ៩៖៤០នាទី យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ (ម៉ោងនៅកម្ពុជា) នៅទីក្រុងក្រាកូវ សាធារណរដ្ឋប៉ូឡូញ ពោលក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧។
បន្ទាប់ពីត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករួចមក រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយនេះ បានរីកមុខរីកមាត់ថ្មីជាមួយនឹងការទទួលបានភ្ញៀវទេសចរជាច្រើនម៉ឺននាក់។ ក្នុងនោះលោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងថា តំបន់ប្រាសាទសំបូរព្រៃគុក កាន់តែត្រូវបានគេស្គាល់ និងមកទស្សនាកាន់តែច្រើនឡើងៗ៕