(ភ្នំពេញ)៖ ភ្ជុំបិណ្ឌ ជាពិធីបុណ្យធំជាងគេមួយក្នុងចំណោមពិធីបុណ្យប្រពៃណីរបស់ខ្មែរ ដោយបានប្រារព្ធធ្វើឡើងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃ០១រោជ ដល់ថ្ងៃ១៥ រោជខែភទ្របទ។ ពីថ្ងៃមួយរោច ដល់ថ្ងៃ១៤រោច ជាថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ហើយថ្ងៃ១៥រោច ជាថ្ងៃភ្ជុំបិណ្ឌ ឬ ភ្ជុំធំ ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពីធីបុណ្យកាន់បិណ្ឌ។
យោងទៅតាមក្បួនច្បាប់ដីការបស់ព្រះសម្មាសម្ពុទ្ធប្រជាពលរដ្ឋមានជំនឿថា អ្នកមានគុណ បុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបពេលនៅមានជីវិតរស់នៅនោះ ពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេតនោះ នឹងឡើងមកទទួលកុសលផលបុណ្យនេះ ពីពួកគេនៅពេលពពួកប្រេតទាំងនេះ ត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃ។
រយៈពេល១៥ថ្ងៃនេះ ពពួកប្រែតទាំងអស់ បានស្វែងរកការឧទ្ទិសមគ្គផលឲ្យពីសាច់ញាតិ នៅគ្រប់វត្តទាំងអស់។ ប្រសិនបើអំឡុងពេល៧ថ្ងៃ ប្រែតដើររកគម្រប់៧វត្ត ហើយនៅតែមិនឃើញសាច់ញាតិ ឬកូនចៅណាធ្វើបាយសម្លទៅប្រគេនព្រះសង្ឃនៅវត្ត ដើម្បីឧទ្ទិសកុសលដល់ពួកគេទេ ប្រេតទាំងនេះនឹងដាក់បណ្តាសារនូវទំនាយផ្សេងៗ។
គេជឿទៀតថា ពពួកប្រេតទាំងអស់ សុទ្ធតែខ្លាចពន្លឺថ្ងៃ និង ប្រេតក្រីក្រខ្លះ គ្មានសម្លៀកបំពាក់ នឹងមិនហ៊ានចេញមកទទួលមគ្គផលពីកូនចៅដោយចំហរឡើយ ដូច្នេះហើយទើបដូនតាតម្រូវឲ្យកូនចៅទាំងអស់ ត្រូវទៅបោះបាយបិណ្ឌនៅរៀងរាល់វេលាយប់ ចាប់ពីម៉ោង២ រំលងអាធ្រាត្រ រហូតដល់ម៉ោង៥ទាបភ្លឺ។ ក្រៅពីនេះប្រជាពលរដ្ឋកម្ពុជា ដែលកាន់ព្រះពុទ្ធសាសនាទាំងអស់ ត្រូវតែធ្វើម្ហូបអាហារ នំចំណី យកទៅប្រគេនព្រះសង្ឃ ដែលគង់ចាំត្រីមាសក្នុងវត្តដើម្បីជូនមគ្គផលដល់អ្នកស្លាប់ផងដែរ។
ដើម្បីបានពរជ័យពីអ្នកស្លាប់ទៅ ដូចជាឪពុកម្តាយ ឬអ្នកមានគុណទាំងឡាយដទៃទៀត កូនចៅទាំងអស់ នៃបុព្វការីជនយ៉ាងហោចណាស់ រយៈពេលមួយឆ្នាំ នៃពិធីបុពណ្យនេះ ត្រូវទៅវត្តឲ្យបានមួយដង ឬទៅបោះបាយបិណ្ឌឲ្យបានមួយវត្តជាកំហិត។
បើទោះបីខ្មែរមានជំនឿថា ការធ្វើបុណ្យភ្ជុំបិណ្ឌដើម្បីឧទ្ទិសកុសលដល់បុព្វការីជនរបស់ខ្លួនដែលបានចែកឋានទៅយ៉ាងណាក្តី តែពិធីបុណ្យមួយនេះ បានឆ្លុះបង្ហាញឲ្យឃើញពីទង្វើជាគុណធម៌ដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរចំពោះជនទាំងឡាយដែលបានតបគុណចំពោះខ្លួន ជាពិសេសជីដូនជីតា និងឪពុកម្តាយ ដែលជាអ្នកមានគុណបំណាច់ដ៏ធំធេងសម្រាប់ជីវិតរបស់ពួកគេ។
ពិធីបុណ្យនេះបានបង្កប់នូវខ្លឹមសារអប់រំមួយទៀត ឲ្យប្រជាពលរដ្ឋខ្មែរយើងបាននឹករលឹកដល់គុណូបការៈរបស់ជីដូនជីតា ឪពុកម្តាយ ដែលពួកគាត់ពេលនៅមានជីវិតសុទ្ធតែបានធ្វើការលះបង់ និងពលីកម្មសព្វបែបយ៉ាងទាំងអស់ ដើម្បីការរស់រៀនដ៏គាប់ប្រសើររបស់កូនចៅ។ ការចងចាំ និងនឹករលឹកដល់គុណរបស់ជនទាំងឡាយដែលបានធ្វើមកលើខ្លួនរបស់យើងម្នាក់ៗ គឺជាកាយវិការដ៏ថ្លៃថ្លាបំផុត។
បុណ្យភ្ជុំបិណ្ឌ មិនត្រឹមតែជាឱកាសតបគុណដល់អ្នកដែលបានធ្វើមរណកាលប៉ុណ្ណោះទេ តែក៏ជាពេលវេលាដ៏ប្រពៃថ្លៃថ្លាផងដែរ សម្រាប់ប្រជាពលរដ្ឋខ្មែររបស់យើងបានធ្វើទង្វើតបគុណចំពោះជននៅមានជីវិតជាជីដូនជីតា ឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យ និងជនមានឧបការគុណដទៃទៀតផងដែរ។
ក្នុងឱកាសដ៏ឧត្តុងឧត្តមនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ ខ្ញុំព្រះករុណា លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News សូមក្រាបលំឱនកាយលើកហត្ថទាំងទ្វេប្រណមបួងសួងដល់បុណ្យគុណព្រះរតនត្រ័យ ទេវតាថែរក្សាស្វេតច្ឆត្រ វត្ថុស័ក្តិសិទ្ធក្នុងលោក ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ អតីតមហាក្សត្រីគ្រប់ព្រះអង្គតាមបីបាច់អភិបាលប្រោសព្រំ ថ្វាយព្រះរាជសព្ទសាធុការពរដល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជសុខភាពល្អបរិបូរណ៍ កម្លាំងព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ចៅទួត និងប្រជារាស្ត្រខ្មែរទាំងអស់។
ខ្ញុំបាទ ក៏សូមលើកដៃប្រណមបួងសួងដល់បុណ្យគុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាចក្រវាឡយើងនេះ តាមជួយអភិបាលប្រោសព្រំដល់ថ្នាក់ដឹកនាំជាតិកម្ពុជា ដៃគូពាណិជ្ជកម្ម និងជនរួមជាតិខ្មែរទាំងអស់បានជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន សម្រេចរាល់ភារកិច្ចដែលប៉ងប្រាថ្នា ជាពិសេសគ្រប់ដំណើរទៅកាន់ទីកន្លែងនានាបានជួបតែសុខសុវត្ថិភាព និងពោរពេញដោយភាពសប្បាយរីករាយ៕
ឱកាសដ៏ឧត្តុងឧត្តមនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងបុគ្គលិកបម្រើការនៅអង្គភាពព័ត៌មាន Fresh News សូមក្រាបលំឱនកាយលើកហត្ថទាំងទ្វេប្រណមបួងសួងដល់បុណ្យគុណព្រះរតនត្រ័យ ទេវតាថែរក្សាស្វេតច្ឆត្រ វត្ថុស័ក្តិសិទ្ធក្នុងលោក ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ អតីតមហាក្សត្រីគ្រប់ព្រះអង្គតាមបីបាច់អភិបាលប្រោសព្រំ ថ្វាយព្រះរាជសព្ទសាធុការពរដល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជសុខភាពល្អបរិបូរណ៍ កម្លាំងព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ចៅទួត និងប្រជារាស្ត្រខ្មែរទាំងអស់។
យើងខ្ញុំ ក៏សូមលើកដៃប្រណមបួងសួងដល់បុណ្យគុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាចក្រវាឡយើងនេះ តាមជួយអភិបាលប្រោសព្រំដល់ថ្នាក់ដឹកនាំជាតិកម្ពុជា ដៃគូពាណិជ្ជកម្ម និងជនរួមជាតិខ្មែរទាំងអស់បានជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន សម្រេចរាល់ភារកិច្ចដែលប៉ងប្រាថ្នា ជាពិសេសគ្រប់ដំណើរទៅកាន់ទីកន្លែងនានាបានជួបតែសុខសុវត្ថិភាព និងពោរពេញដោយភាពសប្បាយរីករាយ៕