Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ថោង ខុន ថ្លែងកោតសរសើរដោយស្មោះចំពោះលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ដែលមានឆន្ទៈនិងសកម្មភាពមោះមុតចង់ឲ្យទីក្រុងស្អាត​ និងអនាម័យល្អ

07-10-2018 10:59

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ និង ជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨នេះ សូមចេញមកប្រកាសថ្លែង កោតសរសើរដោយស្មោះចំពោះលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ដែលមានទស្សនៈគោលជំហរច្បាស់លាស់ ក្នងការយល់ដឺងពីបរិស្ថាន មានឆន្ទៈស្មារតីសកម្មភាព មោះមុតចង់ឲ្យទីក្រុងស្អាត មានអនាម័យល្អផ្តល់នូវផាសុខភាព ជូនប្រជាពលរដ្ឋ ផ្តល់នូវភាពទាក់ទាញ ដល់ទេសចរសក្តិសមជាទីក្រុង ច្រកទ្វារអន្តរជាតិ ទីក្រុងមុខមាត់របស់ប្រទេសជាតិ។

លោករដ្ឋមន្រ្តី ថោង ខុន បានថ្លែងឲ្យដឹងថា លោក សាន ស៊ាន ហូ អភិបាលក្រុងប៉ោយ ប៉ែត សកម្មណាស់ក្នុងការចូលរួមចលនាប្រលងប្រណាំងទីក្រុងស្អាត។សូមអរគុណ និងសូមកោតសរសើរដោយស្មោះ។

ការចេញមកប្រកាសថ្លែងកោតសរសើរចំពោះលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតបែបនេះធ្វើឡើងបន្ទាប់ពី លោក សាន ស៊ានហូ បានសម្តែងការខកចិត្តជាខ្លាំងចំពោះ ក្រុមហ៊ុនប្រមូលសំរាម «ឃ្យុងធាវី» ដែលមិនប្រឹងប្រែងក្នុងការប្រមូលសំរាមលើកកម្ពស់សោភណ្ឌភាពក្រុង បែរជាប្រឹងប្រែងរកអ្នកអន្តរាគមន៍ការពារភាពអសកម្មរបស់ខ្លួនទៅវិញ ហើយលោកអភិបាលក្រុងរូបនេះ បានប្រកាសជាមួយភាពម៉ឹងម៉ាត់ថា លោកសុខចិត្តអស់តំណែងអភិបាលក្រុង តែមិនសុខចិត្តរស់នៅជាមួយសំរាមនោះឡើយ ហើយប្រកាសថា នឹងបញ្ឈប់ក្រុមហ៊ុននេះឲ្យបាន៕