(ភ្នំពេញ)៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ Fresh News ឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមទាំងមន្ត្រីក្រោមឱវាទ បានចុះទៅពិនិត្យផ្ទាល់និងជូនដំណើរ ចំពោះប្រជាពលរដ្ឋដែលជិះរថយន្តក្រុងសាធារណៈ ទៅលេងស្រុកកំណើត នៅចំណតសួនច្បារឬស្សីកែវ ដែលមានទីតាំងស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងទៀតថា មានប្រជាពលរដ្ឋ កម្មករ-កម្មការិនី និងអ្នកដំណើរយ៉ាងច្រើន បានមកជិះរថយន្តក្រុងសាធារណៈ ដោយឥតបង់ប្រាក់នៅចំណតមួយនេះ។ លោកបន្តថា ពួកគាត់ទាំងអស់គ្នា បានបង្ហាញទឹកមុខសប្បាយរីករាយ និងសម្តែងការថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់កាដូដ៏មានតម្លៃនេះផងដែរ។
សូមជម្រាបថា ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅខេត្តនានា ក៏ដូចជាត្រឡប់ពីខេត្តនានាត្រឡប់មករាជធានីភ្នំពេញវិញ ឱ្យមានលក្ខណៈល្អប្រសើរនោះ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង សាធារណៈ១២០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅមកមិនគិតថ្លៃ រយៈពេល៦ថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ការដឹកជូនប្រជាពលរដ្ឋទៅវិញទៅមក ដោយឥតគិតថ្លៃ រវាងរាជធានីភ្នំពេញទៅស្រុកកំណើតនេះ ចាប់ផ្តើមធ្វើឡើងនៅរៀងរាល់ម៉ោង៥៖៣០នាទីព្រឹក ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយអនុវត្តនៅលើផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨៕
ដើម្បីជ្រាបច្បាស់អំពីទីតាំង និងពេលវេលានៃការជិះរថយន្តក្រុងដោយឥតគិតថ្លៃនេះ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖