(ភ្នំពេញ)៖ ទឹកប្រាក់ប្រមាណ១,៥០០០ដុល្លារ ដែលត្រូវបានប្រមូលពីសប្បុសជន ដើម្បីជួយដល់លោក ហ៊ិន រតនា គ្រូបង្ហាត់ឆ្កែល្បីប្រចាំកម្ពុជា ដោយក្នុងនោះមានការជ្រោមជ្រែងពីក្រុមហ៊ុន Sabay និងធនាគារ ព្រីនស៍។
រយៈពេល៣សប្ដាហ៍ហើយដែលក្រុមហ៊ុនទាំង២ សហការគ្នារៀបចំកម្មវិធីសប្បុរសធម៌ រៃអង្គាស់ថវិកាពីសប្បុរសជននានា ក្នុងនោះថវិកាប្រមូលបាន ពីសាធារណជនមានចំនួន៥ពាន់ដុល្លារ ហើយក្រុមហ៊ុន Sabay បានជួយឧបត្ថម្ភ៥ពាន់ដុល្លារ និងធនាគារ ព្រីនស៍ ឧបត្ថមចំនួន៥ពាន់ដុល្លារ។
ទោះយ៉ាងណាសាធារណជន នៅតែអាចបន្តជួយបរិច្ចាគថវិកាដល់លោក ហ៊ិន រតនា តាមយៈគណនេយ្យផ្ទាល់របស់លោក។ យុទ្ធនាការប្រមូលថវិកាជួយ ដល់គ្រូបង្ហាក់ឆ្កែល្បីនតាមរយៈ Sabay ត្រូវបានបញ្ចប់ហើយ ដោយបានធ្វើការរៃអង្គាស់ប្រមាណ៣សប្តាហ៍កន្លងទៅ។
លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay ឲ្យដឹងថា ពិធីប្រគល់ថវិកាដល់ក្រុមគ្រួសារ លោកហ៊ិន រតនា និងយុទ្ធនាការសប្បុរសធម៌នេះ ជាការបង្ហាញពីទឹកចិត្ត របស់សាធារជនអ្នកគាំទ្រ Sabay និងអ្នកដែលស្រឡាញ់ចូលចិត្តលោក ហ៊ិន រតនា។
លោកបន្ថែមថា «ការចែករំលែកមិនមែនមានន័យថា ទល់តែគ្រប់គ្នាមានរាប់រយដុល្លាររាប់ពាន់ដុល្លារទេ ទើបអាចចែករំលែកបានឡើយ ជាក់ស្ដែងដូចយុទ្ធនាការនេះអឹចឹង អ្នកទាំងអស់គ្នាបរិច្ចាគតែ១ដុល្លារក្នុងម្នាក់ ដូច្នេះក្នុង១ដុល្លារនេះអ្នកទាំងអស់គ្នាអាចរកបាន៥ពាន់ដុល្លារ ខ្ញុំគិតថា វាជារឿងមួយល្អហើយមិនមែនតែជាមួយលោក ហ៊ិន រតនា ម្នាក់ទេអាចជាអ្នកអ្នកផ្សេងទៀត ក៏យើងរួមគ្នាជួយក្នុងម្នាក់១-២ដុល្លារ»។
លោកស្រី តែ មុយនី នាយិការនាយកដ្ឋានទំនាក់ទំនង អាជីវកម្មធនាគារព្រីនស៍ឲ្យដឹងថា ធនាគារមានគោលការណ៍រួមចំណែក ជួយដល់សង្គមតាមរយៈមធ្យោបាយផ្សេងៗ។ លោកស្រីថា «ជាក់ស្ដែងដូចករណីលោកគ្រូហ៊ិន រតនា អឹចឹងបើមានតម្រូវការជួយ យើងនឹងជួយទៅតាមលទ្ធភាព ហើយការជួយនេះនឹងធ្វើឲ្យមានវប្បធម៌ ក្នុងការជួយគ្នាឲ្យកាន់តែប្រសើរឡើង»។
សូមបញ្ជាក់ថា លោក ហ៊ិន រតនា ជាបុគ្គលមួយទទួលការបណ្តុះបណ្តាលជំនាញ បង្ហាត់ឆ្កែនៅសហរដ្ឋអាមេរិក មិនត្រឹមតែឈ្មោះល្បីនៅកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងមានការទទួលស្គាល់ពីអន្តរជាតិថែមទៀតផង ប៉ុន្ដែកាលពីមួយរយៈមុនលោក បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ និងត្រូវការថវិកាជាបន្ទាន់សម្រាប់ព្យាបាលជំងឺ៕