(កំពង់ឆ្នាំង)៖ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា រួមជាមួយសហការី នៅថ្ងៃសៅរ៍ ទី៦ ខែតុលា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនជូនជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋកូនច្រើនជួបការលំបាកចំនួន ៣៧គ្រួសារ នៅក្នុងក្រុងកំពង់ឆ្នាំង។
មានប្រសាសន៍ក្នុងឱកាសនោះលោកស្រី សឿ សុជាតា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច សាយ ឈុំ, សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រី ជូ ប៊ុនអេង ប្រធានក្រុម ការងារចុះជួយក្រុងកំពង់ឆ្នាំង ដែលកន្លងមកសម្តេច និងលោកស្រី តែងតែ បានគិតគូរពីសុខទុក្ខ និងជួយសំរាលការលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។
លោកស្រី ក៏បានផ្តាំផ្ញើដល់ ប្រជាពលរដ្ឋដែលជួបការលំបាកទាំង ៣៧គ្រួសារ ឲ្យខិតខំថែទាំសុខភាពឲ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាត បើស្ថានភាពសុខភាពមិនស្រួលត្រូវអញ្ជើញទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឲ្យបានទាន់ពេលវេលា។
អំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មីម៉ាម៉ា ១កេស ទឹកស៊ីអ៉ីវ ១យួរ អំបិលអ៉ីយ៉ូត ១គីឡូក្រាម ស្ករស ១គីឡូក្រាម ទឹកសុទ្ធ ១យួរ សាប៊ូម្សៅលីក ២កញ្ចប់តូច និងថវិកា ២ម៉ឺនរៀល៕