(កណ្តាល)៖ ឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា បានចំណាយថវិកាផ្ទាល់ខ្លួនសរុប ២០០លានរៀល ស្មើប្រមាណ ៥ម៉ឺនដុល្លារអាមេរិក ជារង្វាន់លើកទឹកចិត្តសិស្សជាប់ និងធ្លាក់បាក់ឌុបឆ្នាំ២០១៨នេះ។ ពិធីប្រគល់រង្វាន់លើកទឹកចិត្តសិស្សដែលបានចូលរួមប្រលងបាក់ឌុបឆ្នាំ២០១៨នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនេះ បានធ្វើឡើងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨នេះ។

ក្នុងឱកាសអញ្ជើញប្រគល់រង្វាន់លើកទឹកចិត្តសិស្សប្រលងជាប់ ក៏ដូចជាប្រលងធ្លាក់បាក់ឌុបនេះ ឧកញ៉ា ទ្រី ភាព បានបង្ហាញភាពសប្បាយរីករាយ និងមោទនភាពខ្លាំង ចំពោះកូនចៅប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹង ដែលបានប្រឹងប្រែងសិក្សារៀនសូត្ររហូតប្រលងជាប់ក្នុងអត្រាមួយខ្ពស់។ តែទោះជាយ៉ាងណាលោកឧកញ៉ា ក៏សោកស្តាយដែលសិស្សក្នុងស្រុកកណ្តាលស្ទឹង មិនអាចដណ្តើមបាននិទ្ទេស A នៅក្នុងឆ្នាំនេះ។

ឧកញ៉ា ទ្រី ភាព ក៏បានក្រើនរំលឹកសិស្សប្រលងជាប់បាក់ឌុបទាំងអស់ត្រូវបន្តប្រឹងប្រែងបន្ថែមទៀតក្នុងការសិក្សានៅថ្នាក់ឧត្តមសិក្សា ដើម្បីក្រេបជញ្ជក់យកចំណេះវិជ្ជាធ្វើជាដើមទុនសម្រាប់ជីវិត រួមចំណែកកសាងអភិវឌ្ឍន៍ស្រុកកំណើតរបស់ខ្លួន ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍន៍ជាតិកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។

គ្រឿងញៀនជាថ្នាំបំពុលសង្គម និងបំផ្លាញធនធានមនុស្សដ៏គួរឲ្យបារម្ភមួយក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន។ ឧកញ៉ា ទ្រី ភាព បានរំលឹកដល់សិស្សប្រលងជាប់បាក់ឌុប ហើយត្រូវបន្តការសិក្សានៅរាជធានីភ្នំពេញ ត្រូវប្រុងប្រយ័ត្នខ្លួនឲ្យបានខ្ពស់ មិនត្រូវបណ្តែតបណ្តោយខ្លួនឲ្យមិត្តភក្តិអូសទាញទៅប្រើប្រាស់គ្រឿងញៀនបំផ្លាញអនាគតរបស់ខ្លួននោះឡើយ។

សម្រាប់អ្នកប្រលងធ្លាក់បាក់ឌុប លោកឧកញ៉ា បានលើកទឹកចិត្តឲ្យពួកគេប្រឹងប្រែងបន្តទៀតមិនត្រូវបាក់ទឹកចិត្តហើយបោះបង់ការសិក្សាឡើយ។ លោកឧកញ៉ា បានរំលឹកពួកគេថា ការបរាជ័យជារឿងធម្មតាសម្រាប់ជីវិតរបស់មនុស្សមិនថាអ្នកសិក្សា ឬអ្នកប្រកបរបររកស៊ីនោះឡើយ ប៉ុន្តែអ្វីដែលសំខាន់ គឺត្រូវចេះសាងភាពបរាជ័យរបស់ខ្លួនឲ្យឈានទៅរកពន្លឺជោគជ័យវិញ។

ក្នុងន័យនេះ ឧកញ៉ា ទ្រី ភាព បានដាស់តឿនសិស្សប្រលងធ្លាក់បាក់ឌុបនៅឆ្នាំនេះថា ប្រសិនបើមិនទៅរៀនថ្នាក់បរិញ្ញាបត្ររង ឬរៀនជំនាញបច្ចេកទេសអ្វីផ្សេងទេ ហើយត្រូវបន្តរៀនថ្នាក់ទី១២ត្រៀមប្រលងនៅឆ្នាំ២០១៩នោះ ត្រូវប្រឹងប្រែងសិក្សាចាប់ពីដើមឆ្នាំទៅ។ លោកឧកញ៉ា បានបង្ហាញការជឿជាក់ថា បើពួកគេប្រឹងប្រែងរៀនសូត្រ គឺនឹងទទួលបានជោគជ័យ ជាពិសេសកុំចំណាយពេលជាមួយបណ្តាញសង្គម Facebook ច្រើនពេក។

លោកឧកញ៉ា ក៏បានក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូ ឲ្យប្រឹងប្រែងបណ្តុះបណ្តាលសិស្សឲ្យរៀនពូកែយកនិទ្ទេស A ឲ្យបាន ដើម្បីលើកកិត្តិយសគ្រូៗ ក៏ដូចជាពលរដ្ឋក្នុងស្រុកកណ្តាលស្ទឹងទាំងមូល។

ក្នុងឱកាសនោះ លោកឧកញ៉ា ក៏បានរំលឹកពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍលើវិស័យអប់រំតាមរយៈបង្កើនប្រាក់បៀវត្សរ៍គ្រូបង្រៀន និងការសាងសង់សាលារៀនជាដើម។ លោកឧកញ៉ា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តចាត់ទុកការបណ្តុះបណ្តាលជាការងារចម្បងសម្រាប់កសាងធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។

សិស្សទាំងជាប់ និងធ្លាក់បាក់ឌុប បានបង្ហាញក្តីសប្បាយរីករាយ និងពេញចិត្តជាខ្លាំងចំពោះកាយវិការរបស់ឧកញ៉ា ទ្រី ភាព។ ពួកគេបានលើកឡើងថា រង្វាន់ឧកញ៉ា ទ្រី ភាព ជាការលើកទឹកចិត្តមួយបន្ថែមទៀតសម្រាប់ការសិក្សារបស់ពួកគេ។

សូមបញ្ជាក់ថា សិស្សដែលទទួលរង្វាន់ពីឧកញ៉ា ទ្រី ភាព នាព្រឹកមិញនេះ មានចំនួនសរុប ៥៦៦នាក់។ ក្នុងនោះសិស្សជាប់និទ្ទេស B ចំនួន ១៧នាក់ទទួលបានកុំព្យូទ័រយួរដៃម្នាក់ ០១គ្រឿង, ជាប់និទ្ទេស C ចំនួន ៣៨នាក់ ទទួលបានថវិកាម្នាក់ៗ ៤០០,០០០រៀល, និទ្ទេស D ១៤០នាក់ ទទួលបានថវិកាម្នាក់ៗ ២០០,០០០រៀល, និទ្ទេស E ២៤០នាក់ ទទួលបានថវិកាម្នាក់ៗ ១៥០,០០០រៀល និងសិស្សប្រលងមិនជាប់ ១៣១នាក់ ទទួលបានថវិកាម្នាក់ៗ ១០០,០០០រៀលរៀល។

ក្រៅពីឧបត្ថម្ភដល់សិស្សហើយ លោកឧកញ៉ា ក៏បានផ្តល់ថវិកាលើកទឹកចិត្តដល់លោកគ្រូ-អ្នកគ្រូ ៩២នាក់ នូវថវិកាម្នាក់ៗ ២០០,០០០រៀលផងដែរ។

នៅចំពោះមុខសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង លោកឧកញ៉ា បានសន្យាថា នឹងនាំយករង្វាន់មកចែកជូនសិស្សៗនៅស្រុកកណ្តាលស្ទឹងជារៀងរាល់ឆ្នាំ ហើយបើជាប់និទ្ទេស A នឹងចែកម៉ូតូជូនថែមទៀតផង។ លោកថា អំណោយទាំងនេះ គឺជាចំណែកមួយសម្រាប់លើកទឹចិត្តផង និងសម្រាប់ពួកគេយកទៅប្រើប្រាស់ក្នុងការសិក្សាបន្តទៀតផងដែរ៕