(ព្រះវិហារ)៖ ប្រតិភូរដ្ឋបាលខេត្តព្រះវិហារដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្ត នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨នេះ បានចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយនាយទាហាន និងពលទាហានឈរជើងជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងឡាវ របស់តំបន់ប្រតិបត្តិការសឹងរងព្រះវិហារ នៅទីបញ្ជាការវរះសេនាតូចលេខ១ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ ចន្ទ័ សុភក្ត្រ័ា មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបង្ហាញក្តីសោមនស្សរីករាយក្រៃលែង ដោយបានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ខេត្តព្រះវិហារ ចុះមកសួរសុខទុក្ខ និងនាំអំណោយជាថវិការ សម្ភារសម្រាប់កងទ័ពប្រើប្រាស់ក្នុងពេលបុណ្យភ្ជុំបិណ្ឌ។ លោក បានថ្លែងយ៉ាងដូច្នេះ «ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តព្រះវិហារនៅពេលនេះ ញាំងឲ្យយើងខ្ញុំជានាយ និងពលទាហានទាំងអស់មានក្តីរំភើប មានទឹកចិត្តក្នុងការបំពេញការងារនិងតួនាទីភារកិច្ចជូនជាតិមាតុភូមិដោយមិនខ្លាចនឿយហត់នោះទេ»។
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានថ្លែងថា ការចុះសួរសុខទុក្ខដោយភ្ជាប់ជាមួយនូវអំណោយមួយចំនួននេះ ជាការថ្លែងអំណរគុណដល់នាយទាហាន និងពលទាហានដែលខិតខំប្រឹងប្រែង ក្នុងរយៈពេលកន្លងមក។ លោកអភិបាលខេត្តលើកឡើងដូច្នេះ «យើងបានធ្វើការងារយ៉ាងច្រើនរួចមកហើយ ហើយក៏បានបញ្ចេញនូវស្នាដៃដ៏ល្អជូនដល់អង្គភាព ជូនដល់គណៈបញ្ជាការឯកភាពខេត្ត ហើយក៏បានបញ្ចេញស្នាដៃក្នុងក្របខណ្ឌយោធភូមិភាគទី៤របស់យើងផងដែរ»៕