(បន្ទាយមានជ័យ)៖ អភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ បានសម្តែងការខកចិត្តជាខ្លាំងចំពោះក្រុមហ៊ុនប្រមូលសំរាម «ឃ្យុងធាវី» ដែលមិនប្រឹងប្រែងក្នុងការប្រមូលសំរាមលើកកម្ពស់សោភណ្ឌភាពក្រុង បែរជាប្រឹងប្រែងរកអ្នកអន្តរាគមន៍ការពារភាពអសកម្មរបស់ខ្លួនទៅវិញ។ លោកអភិបាលក្រុងរូបនេះ បានថ្លែងជាមួយភាពម៉ឹងម៉ាត់ថា លោកសុខចិត្តអស់តំណែងអភិបាលក្រុង តែមិនសុខចិត្តរស់នៅជាមួយសំរាមនោះឡើយ។
ថ្លែងក្នុងពេលចុះពិនិត្យស្ថានភាពសំរាមក្នុងក្រុងប៉ោយប៉ែតនាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨នេះ លោក សាន ស៊ានហូ បានថ្លែងថា «តាំងពីខ្ញុំមកកាន់តំណែងជាអភិបាលក្រុងរយៈពេល ៩ខែមកនេះ សុំខ្មាសរឿងសំរាមតែម្តង ដល់ពេលវេលាក្រុមហ៊ុនប្រមូលសំរាម ឃ្យុង ធាវី ដល់អវសានហើយ។ បើទុកឲ្យប្រមូលសំរាមមិនចេះអស់សោះ តើឲ្យខ្ញុំ ប្រជាពលរដ្ឋខ្ញុំរស់នៅប្រឈមបញ្ហារិះគន់ បញ្ហាផ្លូវដង្ហើម បញ្ហាដង្កូវ បញ្ហាសំរាមស្អុយក្នុងក្រុង តាមដងផ្លូវ ពាសវាលពាសកាល គ្មានត្រឹមត្រូវឡើយ»។
លោកអភិបាលក្រុងបន្តថា «បើក្រុមហ៊ុនគិតតែពីប្រយោជន៍ខ្លួនឯង ចង់បានតែចំណូលច្រើនចឹង ហេតុអីបានជាធ្វើមិនបានក្នុងការប្រមូលសំរាមនេះសោះ កន្លែងខ្លះ ១អាទិត្យ កន្លែងខ្លះ ១០ថ្ងៃ កន្លែងខ្លះ ១៥ថ្ងៃ និងកន្លែងខ្លះ ១ខែ ពេលដល់ខែទើបទៅប្រមូលសំរាមចេញពីផ្ទះពលរដ្ឋទៅវិញ តើឲ្យពលរដ្ឋជឿជាក់ទៅលើកក្រុមហ៊ុននេះបានទៀតទេ?»។
លោកអភិបាលក្រុងប៉ោយប៉ែត បានអំពាវនាដល់ក្រុមហ៊ុនផ្សេងៗទៀត មានគោលបំណងចង់ប្រកបមុខរបប្រមូលរាមនៅក្រុងប៉ោប៉ែត អាចចូលរួមដាក់ទន់ក្នុងការប្រមូលសំរាមនេះ។
លោក សាន ស៊ានហូ បានរំលេចថា បញ្ហារបស់ក្រុមហ៊ុនេះ ក៏កំពុងមានការអន្តរាគមន៍ផងដែរ ប៉ុន្តែលោកសុខចិត្តមានការប្តឹងផ្តល់ដល់តុលាការក៏មិនខ្លាចដែរ ហើយបើអស់តំណែងជាអភិបាលក្រុងក៏គ្មានបញ្ហាដែរ ឲ្យតែដកក្រុមហ៊ុនប្រមូលសំរាមនេះចេញ៕