(សៀមរាប)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំយុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការងារអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព គុណធម៌ ដើម្បីសម្រេចគោលដៅអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជាឲ្យកាន់តែរីកចម្រើន។
លោក ហ៊ុន ម៉ានី បានថ្លែងដូច្នេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីសាកលវិទ្យាល័យអង្គរ (Angkor University) ខេត្តសៀមរាប ២៨៨នាក់ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨នេះ។ ថ្លែងសំណេះសំណាលក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានជំរុញឲ្យនិស្សិតទាំងអស់ ត្រូវមានសេចក្តីក្លាហាន តស៊ូ ព្យាយាមលើវិថីជីវិតសិក្សារបស់ខ្លួន ដោយជម្នះគ្រប់ឧស័គ្គ ដើម្បីក្លាយជាឱកាសចាប់យកអនាគតឆ្ពោះទៅរកទីផ្សារការងារ។
អ្នកតំណាងរាស្ត្រវ័យក្មេងរូបនេះ ក៏បានលើកឡើងផងដែរថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងមានគុណធម៌ ដែលឆ្លើយតបការអភិវឌ្ឍ សង្គម សេដ្ឋកិច្ច ឈានឆ្ពោះទៅរកការកសាងសង្គមកម្ពុជាប្រកបដោយភាពរីកចម្រើនជឿនលឿន។
លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់យ៉ាងដូច្នេះ «ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាមួយភាពប្រកួតប្រជែងនាពេលបច្ចប្បន្ន។ ទៅថ្ងៃអនាគតនៅពេលដែលកម្ពុជា ត្រូវបានឆ្លងផុតចេញពីកម្រិតជាប្រទេសមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និង បន្តដំណើរឈានចូលទៅជាប្រទេសអភិវឌ្ឍនៅក្នុងឆ្នាំ២០៥០។ ដើម្បីសម្រេចតាមចក្ខុវិស័យវែងឆ្ងាយនេះ វិស័យអប់រំកាន់តែមានតួនាទីសំខាន់ថែមទៀតលើការងារផលិតមូលធនមនុស្ស»។
អ្នកឧកញ៉ា សៀង ណាំ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យអង្គរ បានលើកឡើងថា ឆ្លើយតបគោលនយោបាយ ស្តីពីចក្ខុវិស័យឧត្តមសិក្សាឆ្នាំ២០៣០ ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងអប់រំយុវជននិងកីឡា សាកលវិទ្យាល័យអង្គរ បានកំណត់បេសកកម្មដោយផ្តោតទៅលើការបណ្តុះបណ្តាលជំនាញផ្សេងៗ ស្របតាមតម្រូវការទីផ្សារការងារជាតិ អន្តរជាតិ ការផលិតធនធានមនុស្សប្រកបដោយគុណភាពនិងឧត្តមភាព និងការផ្តល់បរិយាកាស់នៃការអប់រំ ការសិក្សា ការស្រាវជ្រាវ និងការអភិវឌ្ឍពេញមួយជីវិត៕