(ត្បូងឃ្មុំ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ បានទៅអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌទី១២ នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាវត្តមានវ័យចំណាស់ជាងគេមួយក្នុងតំបន់ទឹកដីខេត្តត្បូងឃ្មុំនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងក្រុមគ្រួសារ បានកសាងសមិទ្ធផលជាច្រើនជូនវត្តដ៏មានវ័យចំណាស់នេះ ហើយនាពេលសព្វថ្ងៃនេះវត្តថ្កូវ ដែលមានការជូនជ្រោមជ្រែងពីសម្តេចពញាចក្រី មានការលូតលាស់ និងរីកចម្រើនជាខ្លាំងផងដែរ​។

តាមការបញ្ជាក់របស់គណៈកម្មការវត្តគីរីសុវណ្ណរាម បានឲ្យដឹងថា «តាមការកសាងទៅតាមដំណើរ ដោយគ្មានការចូលរួមពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសាររបស់សម្តេចទេនោះ ទីអារាមមួយនេះក៏នឹងមិន មានការរីកចំរើនដូចសព្វថ្ងៃនេះឡើយ។ បច្ចុប្បន្នអារាមដ្ឋានទាំងមូលប្រកបដោយសោភណ្ឌ ភាព និងជាទីដែលមិនអាចបំភ្លេចបានពីសំណាក់ព្រះសង្ឃ គណៈកម្មការវត្ត និងប្រជាពុទ្ធ បរិស័ទជិតឆ្ងាយចំពោះការលះបង់យ៉ាងធំធេងរបស់សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដើម្បីការរីកចំរើននៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវនេះ»។

ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ នាព្រឹកថ្ងៃសៅរ៍នេះ សម្តេចពញាចក្រី និងក្រុមគ្រួសារ ក៏បានប្រគេនទេយ្យទាន រួមនិងបច្ច័យដល់ព្រះសង្ឃ និងបានអញ្ជើញរាប់បាត្រប្រគេនដល់ព្រះសង្ឃជាកិច្ច ឧទ្ទិសកុសលជូនចំពោះបុព្វការីជនមានមាតា បិតា ជីដូន ជីតា សាច់សាលោហិតទាំង៧ សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ហើយនោះសូមឲ្យបានស្ថិតក្នុងឋានបរមសុខ និងងាកក្រោយឲ្យសព្វសារធុការពរ មកដល់កូនចៅដែលមានជីវិតរស់នៅ នៅឡើយឲ្យជួបតែសេចក្តីសុខ សេចក្តីចំរើន តរៀងទៅកុំបីអាក់ខានឡើយ។

ក្រៅពីការកសាងសមិទ្ធផលយ៉ាងធំធេងនេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងក្រុមគ្រួសារ ក៏បានប្រគេនបច្ច័យសម្រាប់កសាងវត្តដ៏ចាស់បុរាណមួយនេះបន្តទៀត ដោយទឹកប្រាក់ចំនួន ១០លានរៀលផងដែរ៕