(បាត់ដំបង)៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ គណៈប្រតិភូក្រសួងផែនការ ដឹកនាំដោយ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ បានអញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយដល់កងកម្លាំងនគរបាលជាតិសម្ព័ន្ធមេត្រីភាពវរៈសេនាតូចលេខ ៣១០ និងលេខ ៨២៣ នៅតំបន់សំឡូត ខេត្តបាត់ដំបង ដោយមានការទទូលស្វាគមន៍ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ផងដែរ។
ថ្លែងក្នុងពិធីសំណេះសំណាលនេះផងដែរ ឯកឧត្តម ឆាយ ថន បានថ្លែងអំណរគុណកោតសរសើរដល់ វីរភាពដ៍អង់អាចក្លាហាន របស់បងប្អូនកងទ័ពយើង ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលយើង ការពារស្ថេរភាពសង្គមបានល្អកំឡុងពេលបោះឆ្នោត ដែលបានប្រព្រឹត្តទៅដោយរលូន គ្មានសភាពការអាក្រក់ណាមួយកើតឡើងឡើយ ។ និងសូមកោតសរសើរ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី ការពារព្រំដែន ការពារអធិបតេយ្យភាពរបស់កម្ពុជា ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៍ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជនកម្ពុជានៃយើង។
ពីមួយថ្ងៃទៅមួយថ្ងៃប្រទេសជាតិយើង បានកំពុងតែរីកចំរើន លូតលាស់ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស អាស្រ័យដោយកត្តាសុខសន្តិភាព ការដាក់ចេញនូវនយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាក៍បានដាក់ចេញនូវកម្មវិធីនយោបាយកែទម្រង់ស៊ីជម្រៅ បានធ្វើអោយព្រះរាជាណាចក្រកម្ពុជាយើងដើរលើផ្លូវត្រូវ មិនដូចជន បុគ្គល និងក្រុមអគតិមួយចំនួននិយាយឃោសនា ភូតកុហកនោះទេ ។ កម្ពុជា ជាប្រទេសឯករាជ្យ បូរណភាពទឹកដី និងមាននិតិរដ្ឋ គ្មានបរទេសណាអាចមកបង្គាប់ បញ្ជារបាននោះទេ។
សម្ភារៈបរិក្ខារ គ្រឿងឧបភោគ បរិភោគ ដែលបានពាំនាំមកជូននេះ សុទ្ធសឹងជាសណ្តានចិត្ត ទឹកចិត្តសប្បុរសរបស់មន្ត្រីរាជការ ក្រុមការងារសហភាពសហព័ន្ធយុវជនវិស័យផែនការ ព្រមទាំងថ្នាក់ដឹកនាំក្រសួងផែនការទាំងមូល ដើម្បីជាការតបស្នង ដឹងគុណ នូវវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជា ដែលបានពលី សាច់ស្រស់ ឈាមស្រស់ លះបង់គ្រប់បែបយ៉ាង សម្រាប់ព្រះរាជាណាចក្រកម្ពុជានៃយើង មានសុខសន្តិភាព ការអភិវឌ្ឍន៍ ការពារអធិបតេយ្យភាពរបស់កម្ពុជា និងដើម្បីបង្ហាញពីការរឹតចំនងមិត្តភាព សាមគ្គីភាព ការយកចិត្តទុកដាក់ ពីសមរភូមិក្រោយ ចំពោះសមរភូមិមុខ ដែលត្រូវតែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និត មិនអាចកាត់ផ្តាច់បាន។
លោកទេសរដ្ឋមន្ត្រី ក៍បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកតិព្រឹទ្ធបណ្ឌិត តែងតែគិតគូរជានិច្ចដល់សុខទុក្ខប្រជាពលរដ្ឋ ជាពិសេសកងទ័ព នគរបាលដែលកំពុងឈរជើងការពារព្រំដែនយើង។
លោក ឆាយ ថន ក៍បានឧបត្ថម្ភថវិកាដល់២អង្គភាព ដោយ១អង្គភាពចំនួន៤លានរៀល នគរបាលចំនួន៣១០នាក់ មួយនាក់ ៣ម៉ឹនរៀល ត្រីងៀត៣៦០គីឡូក្រាម មី៣៦០កេសតូច និងឧបត្ថម្ភអធិការនគរបាលស្រុកសំឡូត ចំនួន១លានរៀលផងដែរ។
គួរបញ្ជាក់ថា នេះជាលើកទី២១ហើយ ដែលគណៈប្រតិភូក្រសួងផែនការ បាននាំយកអំណោយជូនអង្គភាពទាំងពីរ។