(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ីអន ម៉ល របស់ជប៉ុន ប្រកាសសាងសង់ផ្សារទំនើបទីបីរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នឹងមានទីតាំងស្ថិតនៅក្នុងទីក្រុងអាយអិនជី (ING City) ដែលជាគម្រោងអភិវឌ្ឍធំបំផុតក្នុងរាជធានីភ្នំពេញ។
ការប្រកាសអំពីទីតាំងផ្សារទំនើបទីបីនេះ កើតមានបន្ទាប់ពីក្រុមហ៊ុនបានទទួលជោគជ័យ ក្នុងការបើកឲ្យដំណើរការនូវផ្សារទំនើបអ៊ីអនម៉ល សែន សុខ ស៊ីធី កាលពីខែមិថុនាកន្លងទៅ ហើយផ្សារទំនើបអ៊ីអនម៉លទីបី គ្រោងនឹងបើកទ្វារដំណើរការនៅឆ្នាំ ២០២៣ ខាងមុខនេះ។
គម្រោងផ្សារទំនើបអ៊ីអនម៉លទីបី នឹងគ្របដណ្ដប់លើផ្ទៃដីទំហំ ១៨ ហិកតា ហើយគម្រោងនេះត្រូវបានដាក់ចេញបន្ទាប់ពីអ៊ីអនបានសម្ពោធបើកឲ្យដំណើរការផ្សារទំនើបដំបូងគេរបស់ខ្លួន កាលពីឆ្នាំ ២០១៤ ដែលកាលនោះ ជាផ្សារទំនើបធំជាងគេបំផុតនៅកម្ពុជា។
ក្នុងនោះ ហាងទំនិញ និងភោជនីយដ្ឋានផ្សេងៗ កន្លែងបោះប៊ូលីង រោងភាពយន្ត ក៏ដូចជាលានលេងស្គីទឹកកក របស់ផ្សារអ៊ីអនម៉លទីមួយ សុទ្ធតែបាននាំមកនូវប្រណីតភាព និងផាសុកភាពសម្រាប់ប្រជាជនកម្ពុជា ដូចគ្នានឹងផ្សារទំនើប ដែលមាននៅទីក្រុងបាងកក សិង្ហបុរី ឬប្រទេសលោកខាងលិច ផងដែរ។
ក្រុមហ៊ុន អ៊ីអន មានបំណងសាងសង់ផ្សារទំនើបថ្មីនៅលើទីតាំងទីបីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ ឲ្យមានភាពជោគជ័យដូចផ្សារទំនើបរបស់ខ្លួនមុនៗដែរដោយប្រើប្រាស់បទពិសោធន៍របស់ខ្លួនក្នុងការប្រមូលផ្ដុំនូវ ហាងទំនិញលក់រាយផ្សេងៗនៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានមើលឃើញថា ការលូតលាស់នៅភាគខាងត្បូង រាជធានីភ្នំពេញនេះហើយ ដែលជាកត្តាជំរុញទឹកចិត្តពិសេស ឲ្យមានការសាងសង់ផ្សារទំនើបនេះឡើង។
ទីតាំងថ្មីនេះ នឹងក្លាយជាទីតាំងធំបំផុតរបស់ផ្សារទំនើបអ៊ីអន នៅកម្ពុជា។ ផ្សារទំនើបអ៊ីអនទីមួយត្រូវបាន សាងសង់នៅលើផ្ទៃដីប្រមាណ ៧ ហិកតា នៅជិតស្ថានទូតរុស្ស៊ី និងសណ្ឋាគារសូហ្វីតែល ។ផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី ត្រូវបានសាងសង់នៅលើផ្ទៃដីប្រមាណ ១០ ហិកតា នៅភាគខាងជើងរាជធានីភ្នំពេញ ។ ដូច្នេះ ផ្សារទំនើបអ៊ីអនម៉លទីបី ដែលគ្របដណ្ដប់លើផ្ទៃដី ១៨ ហិកតា គឺជាផ្សារដែលមាន ទំហំធំជាងគេបំផុតគិតមកត្រឹមពេលនេះ។
ថ្ងៃនេះគឺជាការស្តែងឲ្យឃើញពីជំហានវិវឌ្ឍន៍មួយកម្រិតបន្ថែមទៀតរបស់គម្រោងអភិវឌ្ឍន៍ តំបន់បឹងទំពុន និងតំបន់ជើងឯកដែលជាចក្ខុវិស័យដ៏វែងឆ្ងាយប្រកបដោយគតិបណ្ឌិតរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគិតគូរ និងដាក់ចេញជាផែនការ យុទ្ធសាស្ត្រអភិវឌ្ឍនៅភាគត្បូង រាជធានីភ្នំពេញ ស្របទៅតាមបទដ្ឋាន និងក្របខណ្ឌនៃការអភិវឌ្ឍទីក្រុងកម្រិតជាតិ និងអន្តរជាតិ ដោយមាននូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តខ្វាត់ខ្វែង ដូចជា ផ្លូវថ្នល់ បណ្តាញលូទឹកភ្លៀង ទឹកសម្អុយ បណ្តាញលូក្រោមដីសម្រាប់ខ្សែចរន្ត និងខ្សែកាបអគ្គិសនី និងតំបន់សាធារណៈហើយបានប្រែក្លាយពីតំបន់ដីទំនាបលិចទឹកទៅជាតំបន់អភិវឌ្ឍន៍ទំនើបប្រៀបបាននឹងបណ្ដាប្រទេសអភិវឌ្ឍន៍ក្នុងតំបន់ដែរ។
ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានឲ្យដឹងថា ក្រុមហ៊ុន អាយអិនជី ហូលឌីង បានទទួលគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍគម្រោងពង្រីកភាគខាងត្បូងរាជធានីភ្នំពេញនេះដែលមានផ្ទៃដី ២.៥៧២ ហិកតា ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺយើងចង់ឲ្យមានការ ប្រមូលផ្ដុំរវាងសកម្មភាពផ្សារទំនិញ ភាពកំណើនការងារ និងទីតាំងកម្សាន្ត នៅក្នុងកន្លែងតែមួយដែលផ្ដល់នូវផាសុក-ភាព និងល្អសម្រាប់បរិស្ថានដែលផ្ដល់នូវភាពសប្បាយរីករាយ និងសុវត្ថិភាពគួបផ្សំនឹងការរៀបចំទីធ្លាធំទូលាយថែមទៀតផង។
បន្ទាប់ពីបានមើលឃើញនូវជោគជ័យរបស់ផ្សារទំនើប Lake Town របស់អ៊ីអន ក្នុងប្រទេសជប៉ុនរួចមកយើងក៏មានក្តីសោមនស្សរីករាយដើម្បីសហការជាមួយអ៊ីអនបង្កើតផ្សារដ៏ពិសេស អស្ចារ្យនេះក្នុងតំបន់អភិវឌ្ឍន៍។
ការអភិវឌ្ឍន៍ទីក្រុងអាយអិនជី (ING City) មានបួនដំណាក់កាល ដែលស្របតាមប្លង់គោលអភិវឌ្ឍន៍រាជធានីភ្នំពេញឆ្នាំ២០៣៥ ជាប្លង់គោលមានភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលបំណងរបស់ក្រុមហ៊ុន អាយអិនជីដែលតែងចង់លើកកម្ពស់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញខណៈដែល រាជធានីមួយនេះបន្តពង្រីក និងអភិវឌ្ឍខ្លួនជាលំដាប់។
ING City បានចាប់ផ្ដើមសិក្សាផែនការមេរបស់ខ្លួននៅឆ្នាំ ២០០៧ និងបានអនុម័តនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤ ហើយនៅដើមខែមេសា ឆ្នាំ ២០១៧ មហាវិថីសម្ដេចតេជោ ហ៊ុន សែន ដែលមានប្រវែង៩.១៦០ម៉ែត្រ និងទទឹងផ្លូវ៦០ម៉ែត្រ បានបើកសម្ពោធឲ្យប្រើប្រាស់ជាសាធារណៈ។
ការសម្រេចចិត្តជ្រើសរើសទីតាំងសម្រាប់ផ្សារទំនើប Aeon Mall III នៅក្នុង ING City គឺជាសារមួយដែលបង្ហាញ ឲ្យឃើញយ៉ាងច្បាស់ពីការរីកចម្រើនលូតលាស់នៃភាគខាងត្បូងរាជធានីភ្នំពេញស្របពេលដែលរាជធានីភ្នំពេញបន្តឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលធ្លាប់តែរស់នៅក្នុងតំបន់ដែលមានការអភិវឌ្ឍតិចតួចមួយនេះ ហើយការអភិវឌ្ឍនៅភាគខាងត្បូងនេះ នឹងធានាថាទីក្រុងអាយអិនជីឲ និងផ្សារទំនើបអ៊ីអននឹងក្លាយជាបេះដូងនៃការអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងសមាហរណភាពរបស់រាជធានីភ្នំពេញនៃយើង ៕