(ភ្នំពេញ)៖ យោងតាមលក្ខន្តិកៈ និងវិធាននៃនីតិក្រមរបស់កាកបាទក្រហមកម្ពុជា ក្នុងផ្នែកទី ៦ វិធានទី ៣៣ ស្តីពីសន្និបាតសាខា និងយោងមាត្រា ២៤ កថាខណ្ឌទី ៣ នៃលក្ខន្តិកៈកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៨ នេះ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានប្រារព្ធសន្និបាត ដើម្បីប្រកាសតែងតាំងនិងទទួលស្គាល់ គណៈកិត្តិយស និងគណៈកម្មាធិការសាខា ដើម្បីដឹកនាំសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ អាណត្តិទី ៥ ។
សន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ-មន្ត្រី ទីស្នាក់ការកណ្តាល សាខា អនុសាខា និងអ្នកពាក់ព័ន្ធសរុបប្រមាណ ១៧០នាក់។
ក្នុងឱកាសសន្និបាតអាណត្តិទី ៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចតែងតាំង និងទទួលស្គាល់សមាសភាពគណៈកិត្តិយសសាខាចំនួន ២៣នាក់, គណៈកម្មាធិការសាខាចំនួន ១៥នាក់ និងសមាជិកបម្រុងចំនួន ២នាក់ ដែលបានអានសេចក្តីសម្រេចជូនអង្គសន្និបាតដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា។
ជាមួយគ្នានោះ លោក មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ អាណត្តិទី ៥ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ បន្តអនុវត្តឱ្យបានជោគជ័យជាបន្តបន្ទាប់នូវទិសដៅយុទ្ធសាស្ត្រ និងផែនការសកម្មភាពឱ្យទទួលបានកាន់តែមានប្រសិទ្ធភាព និងទទួលបានការគាំទ្របន្ថែមទៀត។
ថ្លែងក្នុងឱកាសបិទសន្និបាតសាខា លោកស្រី អ៊ុក ម៉ាលី អគ្គហេរញ្ញឹក បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ប៉ា សុជាតិវង្ស ដែលបានខិតខំសម្រេចបាននូវសមិទ្ធផលធំធេង ទុកជាមរតក ស្នាដៃសម្រាប់អ្នកបន្តវេន។
ទន្ទឹមនឹងនេះ លោកស្រី បានពាំនាំអនុសាសន៍សំខាន់ៗរបស់ សម្តេចប្រធាន ផ្ញើជូនគណៈកម្មាធិការសាខា ដែលពិតជានឹងលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះមុខគណៈកម្មាធិការកណ្តាល យកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្ររបស់សមាគមជាតិ បន្តអភិបាលដឹកនាំ តម្រង់ទិសដល់ក្រុមប្រតិបត្តិ ដល់គ្រប់អនុសាខា ឱ្យខិតខំប្រឹងប្រែងធ្វើការក្នុងស្មារតីក្រុម អនុវត្តដោយឯកភាពនិងជួយគ្នាទៅវិញទៅមក ធ្វើការកសាង និងបង្កើនសមត្ថភាពក្រុមប្រតិបត្តិ បំពាក់បំប៉នការគោរពតួនាទី ភារកិច្ច បែងចែកការទទួលខុសត្រូវរបស់គណៈកម្មាធិការសាខា-អនុសាខា ឱ្យបានច្បាស់លាស់ពង្រឹងការអភិវឌ្ឍឱ្យឈានឡើង ធ្វើឱ្យសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ មានសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ហើយសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតនៅក្នុងបូរណភាពដែនដីរាជធានីភ្នំពេញ៕