(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ បានរៀបចំការប្រកួតអង្ករ ដែលមានគុណភាពល្អជាងគេ ប្រចាំឆ្នាំ២០១៨ តាមប្រភេទអង្ករស អង្ករក្រអូប និងអង្ករក្រអូបប្រណីត ក្រោមអធិបតីភាព របស់លោកឧកញ៉ា វង្ស ប៊ុនហេង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងលោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។
ក្នុងការប្រកួតនេះ ក៏មានការចូលរួមវាយតម្លៃ ពីគណៈកម្មការ ដែលមានសមាសភាពចូលរួម ពីចុងភៅ នៃសមាគមន៍ចុងភៅ តំណាងក្រុមហ៊ុនត្រួតពិនិត្យគុណភាព (CCIC, OMIC) តំណាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា។
ការប្រកួតនេះ មានការដាក់សំណាកអង្ករ ចូលរួមប្រកួតពីវិទ្យាស្ថានកាឌី និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាសហគមន៍កសិកម្ម រោងម៉ាស៊ីន កិនស្រូវ និងអ្នកនាំចេញ ចំនួន២២ និងមានសំណាកអង្ករ សរុបចំនួន២៨។ សម្រាប់ការវាយតម្លៃផ្តោតលើ លក្ខណៈសម្បត្តិអង្ករនៅមុនពេលចម្អិន (សពោះ ភាពបាក់ ទំហំ ពណ៌) និងក្រោយចម្អិន (ភាពភ្លឺរលោង ភាពស្អិតរមួត រសជាតិ ក្លិន ភាពងាយក្នុងការបរិភោគ)។
ជាលទ្ធផលនៃការប្រកួត អង្ករដែលបានជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់៖
* លេខ១ បានទៅលើអង្ករក្រអូបប្រណីត របស់ក្រុមហ៊ុន City Rice Import Export Co. LTD
* លេខ២ បានទៅលើអង្ករក្រអូបធម្មតា របស់រោងម៉ាស៊ីនថ្មគោល Thmor Kol Rice Mill
* លេខ៣ បានទៅលើអង្ករស របស់ក្រុមហ៊ុន Vong Bunheng Import Export Co.Ltd៕