(កណ្តាល)៖ ដើម្បីជាចំណងដៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញដឹកនាំក្រុមបច្ចេកទេសសាងសង់ផ្លូវ ចុះពិនិត្យផ្លូវលំដែលទទួលរងនូវការខូចខាត និងសិក្សាស្ថានភាពផ្លូវដើម្បីសាងសង់ឡើងវិញ ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងឃុំគោកត្រប់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ជាពិសេសប្រជាពលរដ្ឋទាំងអស់ដែលបានបន្តគាំទ្ររាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
លោក បានបន្តថា ផ្លូវដែលកំពង់សិក្សាសាងសង់ឡើងវិញនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលបង្ហាញអំពីការរីកចំរើននៃប្រទេសជាតិប្រកបដោយសុខសន្តិភាព និងបង្ហាញអោយឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍនៅមូលដ្ឋានជូនដល់បងប្អូនប្រជាពលរដ្ឋ ហើយការកសាងផ្លូវនេះគឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ កសិករ រឺអាជីវករ អាចដឹកទំនិញបានងាយស្រួល និងសម្រួលដល់ការធ្វើចរាចរណ៏ឱ្យមានភាពងាយស្រួលជាងមុនបន្ថែមទៀត។
ជាមួយគ្នានោះ លោកក៏បានក្រើនរំឭកឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈឱ្យបានល្អជូនដល់ប្រជាពលរដ្ឋ ដូចជាជួយសម្រួលដល់ការធ្វើឯកសារគតិយុត្តិផ្សេងៗនៅមូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋាន សំបុត្រកំណើត និងសំបុត្រមរណភាពជាដើម ។
មន្ត្រីអនុវត្តន៍ការងារទាំងអស់គឺជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយរបស់ជាពលរដ្ឋឡើយ ដូច្នេះមិនត្រូវទារលុយបន្ថែមពីប្រជាពលរដ្ឋនោះទេ។ ហើយមន្ត្រីគ្រប់រូបត្រូវខិតខំបំពេញការងារជូនប្រជាពលរដ្ឋដោយស្មោះត្រង់ និងពន្លឿនការងារឱ្យបានឆាប់រហ័ស ទើបអាចឆ្លើយតបទៅនឹងការអនុវត្តការផ្តល់សេវាសាធារណៈមានប្រសិទ្ធភាព។
លោកបានបន្ថែមថា មានតែរាជរដ្ឋាភិបាលនាបច្ចុប្បន្នតែមួយប៉ុណ្ណោះ ដែលបានផ្សារភ្ជាប់រួមសុខ រួមទុក្ខជានិច្ចជាមួយប្រជាជន និងថែរក្សាសុខសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងបូរណភាពទឹកដីពេញលេញប្រកបដោយមោទនភាព។ ជាពិសេសបន្តអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចំរើនលើគ្រប់វិស័យជាបន្តបន្ទាប់ដូចជា ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត សាលារៀន មន្ទីរពេទ្យ អណ្តូងទឹក ភ្លើងអគ្គិសនី រោងចក្រ កសិដ្ឋាន សំណង់តូចធំ និងវត្តអារាម។ល។
លោកបានបញ្ជាក់ថា ដោយមើលឃើញពីសេចក្តីត្រូវការ និងដើម្បីជាការតបស្នងចំពោះប្រជាពលរដ្ឋដែលបានបន្តគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្ន ឯកឧត្តមបានដឹកនាំក្រុមបច្ចេកទេសសាងសង់ផ្លូវដើម្បីចុះត្រួតពិនិត្យ និងសាងសង់ផ្លូវចំនួន០២ខ្សែឡើងវិញ ដោយផ្លូវទី១ មានបណ្តោយ ៨៦ ម៉ែត្រ ទទឹង៣.៥ម៉ែត្រ ចាក់បេតុង កំរាស់១តឹក ស្ថិតនៅក្នុងភូមិចារ និងផ្លូវទី២ មានបណ្តោយ ២.០០០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ ក្រាលថ្មម៉ិចកំរាស់១តឹក ដោយឆ្លងកាត់ភូមិចំនួន០៣គឺភូមិគោកព្រីង ភូមិចារ និងភូមិក្រាំងថ្មី ដែលត្រៀមចំណាយថវិកាសរុបចំនួន១៥,៥០០ដុល្លា ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង និងលោកស្រី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ ដើម្បីឧទ្ទិសកោសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន និងញាតិកាលទាំង ៧ សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ នៅវត្តកោកកាក ស្ថិតក្នុងភូមិគោកត្រប់ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជាមួយគ្នានោះដែរ លោក ម៉ម ប៊ុននាង និងលោកស្រី បានប្រគេនស្លាដកចំនួន៧ បូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ រួមមាន៖អង្ករ៥០គីឡូក្រាម មីកញ្ចប់៦កេស ផ្លែឈើ១កន្រ្តក ទឹកដោះគោ១កេស ត្រីខ១កេស ទឹកសុទ្ធ១កេស ទឹកផ្លែឈើ១កេស ទឹកក្រួច១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១០គីឡូក្រាម ប៊ីចេង២គីឡូក្រាម ស្កស៥គីឡូក្រាម ប្រេងឆា៥លីត សាប៊ូលាងចាន៤លីត ក្រណាត់ស១៧ដុំ សម្រាប់ជូនយាយជី តាជី និងប្រគេនបច្ច័យមួយចំនួនសម្រាប់ព្រះសង្ឃ និងទុកកសាងសមិទ្ធផលផ្សេងៗក្នុងទីអារាម ដែលចំណាយថវិកាសរុបចំនួន ៨,៦៨១,០០០រៀល៕