(ភ្នំពេញ)៖ សកម្មភាពមីននៅតែបន្តពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចដើម្បីជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្ត ឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីន ឆ្នាំ២០២៥ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធត្រូវបន្តសហការគ្នាយ៉ាងរឹងមាំដោយឈលើគោលការណ៍ប្តេជ្ញាចិត្តខ្ពស់។

គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ ផ្ទៃដីប្រមាណ១.៧០០គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីម្ចាស់ជំនួយអន្តរជាតិនានា។

ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានសំដែងនូវការដឹងគុណ និងកោតសរសើរចំពោះសកម្មភាពមនុស្សធម៌របស់រដ្ឋាភិបាលប្រទេសអង់គ្លេស ដែលបានផ្តល់ និងបន្តផ្តល់នូវការគាំទ្រលើវិស័យសកម្មភាពកំចាត់មីននៅកម្ពុជាតាមរយៈអង្គការ NPA អង្គការ HALO Trust និងអង្គការ MAG។
លោក Zlatko Vezilic នាយកស្តីទីប្រចាំប្រទេសរបស់អង្គការ NPA នៅកម្ពុជា បានលើកឡើងពីការតាំងចិត្តបន្តគាំទ្រអាជ្ញាធរមីន ក្នុងការអនុវត្តគម្រោងបង្កើនសមត្ថភាព ដើម្បីជួយជម្រុញឲ្យកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥។

បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា គឺជាលទ្ធផលនៃជម្លោះផ្ទៃក្នុង និងតំបន់ចាប់តាំងពីពាក់កណ្ដាលទសវត្សឆ្នាំ១៩៦០ ដល់ចុងឆ្នាំ១៩៩៨ និងរហូតមកដល់បច្ចុប្បន្ន។ យោងតាមការស្រាវជ្រាវផលប៉ះពាល់នៅទូទាំងប្រទេសក្នុងឆ្នាំ២០០២ មាន៦.៤១៦ភូមិ (៤៦% នៃភូមិទាំងអស់នៅក្នុងប្រទេសកម្ពុជា) ដែលមានផ្ទៃដីចំនួន៤.៥៤៤គីឡូម៉ែត្រការ៉េ បានរងផលប៉ះពាល់។

មានជនរងគ្រោះ៦៤.៧២០នាក់ ទាំងយោធា និងជនស៊ីវិល ដែលបានធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស។

អាជ្ញាធរមីន និងអង្គការ NPA ត្រូវបានចាត់ទុកជាដៃគូយូរអង្វែងនៅក្នុងការអភិវឌ្ឍសមត្ថភាពចាប់តាំងពីឆ្នាំ២០០៧ តាមរយៈការបង្កើតអង្គភាពទិន្នន័យថ្នាក់ជាតិ (DBU) រួមទាំងការគាំទ្របច្ចេកទេសប្រឹក្សាយោបល់និងការផ្តល់មូលនិធិ។

ការអនុវត្តគម្រោងអភិវឌ្ឍន៍សមត្ថភាពតាមរយៈនាយកដ្ឋានអភិវឌ្ឍន៍អន្តរជាតិនៃចក្រភពអង់គ្លេស(DFID) ដំណាក់កាលទី១បានចាប់ផ្តើមពីឆ្នាំ២០១៤ និងបានបញ្ចប់ក្នុងខែមីនា ឆ្នាំ២០១៨ និងចាប់បន្តដំណាក់កាលទី២ពីខែកក្កដា ឆ្នាំ២០១៨ រហូតដល់ខែមីនា ឆ្នាំ២០២០។ កិច្ចសហការនេះត្រូវបានគេកត់សម្គាល់ថា ជាវិភាគទានដ៏ធំធេងក្នុងការលើកកំពស់សមត្ថភាពមន្ត្រីអាជ្ញាធរមីន និងអង្គភាពរៀបចំផែនការសកម្មភាពមីន ក្នុងការដឹកនាំការគ្រប់គ្រងនិងសម្របសម្រួលសកម្មភាពមីនអោយកាន់តែប្រសើរឡើង។

គម្រោងថ្មីនេះផ្តោតទៅលើ៖
ទី១៖ ដំណើរការរៀបចំផែនការ និងការចាត់អាទិភាព
ទី២៖ ការបង្កើតគោលការណ៍ណែនាំស្តីពីការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពមីន
ទី៣៖ បន្តធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងគុណភាព
ទី៤៖ បន្តធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងព័ត៌មាន
ទី៥៖ ការបង្កើតយុទ្ធសាស្ត្រគ្រប់គ្រង ការពង្រឹងសមត្ថភាពជាតិក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ក្រោយឆ្នាំ២០២៥៕