Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រយៈពេល៥ថ្ងៃ ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជិត ៤ម៉ឺននាក់

06-10-2018 13:25

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា រយៈពេល៥ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត ៣៨,៧៩៦នាក់ បានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី ដែលរៀបចំឡើងដោយ គ.ជ.ប។

របាយការណ៍បានបង្ហាញផងដែរថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ដែលធ្វើឡើងពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែតុលា នេះ គ.ជ.ប បានសម្រេចលុបឈ្មោះអ្នកបោះឆ្នោត ៥,៣៦៤នាក់ចេញពីបញ្ជីឈ្មោះបោះឆ្នោត និង ៣៦៧នាក់ទៀត បានកែតម្រូវទិន្នន័យមួយចំនួន។

គ.ជ.ប បានគូសបញ្ជាក់ថា ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៨នេះ នៅសល់រយៈពេលតែ១៣ថ្ងៃប៉ុណ្ណោះនឹងត្រូវបិទបញ្ចប់ហើយ។ ក្នុងន័យនេះ គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលបានចុះឈ្មោះរួចហើយសូមទៅពិនិត្យឈ្មោះ ដើម្បីកែតម្រូវចំណុចដែលខុសឆ្គងកន្លងមក។

ដោយឡែកប្រជាពលរដ្ឋទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០១) និងប្រជាពលរដ្ឋមិនធ្លាប់បានចុះឈ្មោះបោះឆ្នោតពីមុនមក ក៏សូមអញ្ជើញរួសរាន់ទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕