(អូស្លូ)៖ លោក Denis Mukwege ជាគ្រូពេទ្យម្នាក់ដែលតែងតែជួយជនរងគ្រោះដោយសារអំពើហិង្សាផ្លូវភេទ នៅឯសាធាណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ្នកនាង Nadia Murad ជាសកម្មជនការពារសិទ្ធិជនជាតិភាគតិច Yazidi និងធ្លាប់ជាទាសករផ្លូវភេទរបស់ពួកភេរវករ ISIS ទាំងពីរនាក់បានឈ្នះពានណូបែលសន្តិភាពប្រចាំឆ្នាំ២០១៨នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការណូបែលន័រវែស បានលើកឡើងដូច្នេះថា «អ្នកទាំងពីរទទួលបានពានណូបែលសន្តិភាព ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់អ្នកទាំងពីរ ក្នុងការបញ្ឈប់អំពើហិង្សាផ្លូវភេទ។ លោក Mukwege មានការប្តេជ្ញាតស៊ូការពារជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទ ខណៈអ្នកនាង Murad ជាសាក្សីផ្ទាល់ដែលរៀបរាប់ឲ្យយើងទាំងអស់គ្នាបានដឹង ពីអំពើអាក្រក់ៗ ដែលជនដៃដល់បានប្រព្រឹត្តទៅលើរូបនាង ព្រមទាំងនារីដទៃទៀត។ បុគ្គលទាំងពីរនាក់នេះ បានជួយបង្ហាញពួកយើងឲ្យមើលឃើញកាន់តែច្បាស់ពីអំពើហិង្សាផ្លូវភេទក្នុងសម័យសង្រ្គាម ដើម្បីឲ្យជនដៃដល់ទាំងឡាយ ត្រូវទទួលរងលទ្ធផលនៃទង្វើរបស់ពួកគេ»។
គួរជម្រាបថា លោក Mukwege ជាប្រធានមន្ទីរពេទ្យមួយកន្លែងនៅទីក្រុង Bukavu នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ មន្ទីរពេទ្យនោះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ហើយបានទទួលព្យាបាលក៏ដូចជាសង្រ្គោះស្រ្តីរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ដោយភាគច្រើននៃស្រ្តីទាំងនោះ គឺជាអ្នកទទួលរងគ្រោះដោយសារអំពើហិង្សាផ្លូវភេទ។
ចំណែកអ្នកនាង Murad វិញ គឺជាសកម្មជនជនជាតិភាគតិច Yazidi នៅអីរ៉ាក់។ នាងបានធ្លាក់ខ្លួនជាទាសករ និងត្រូវពួកភេរវករ ISIS ចាប់រំលោភយ៉ាងព្រៃផ្សៃ នៅឯទីក្រុង Mosul ប្រទេសអីរ៉ាក់ កាលពីឆ្នាំ២០១៤៕