(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ដោយអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ សូមរក្សាទុកដាក់សំរាមឲ្យមានសណ្ដាប់ធ្នាប់ និងត្រឹមត្រូវ ខណៈកម្មករផ្តល់សេវាប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកចាប់ពីថ្ងៃទី០៨-១០ ខែតុលា ឆ្នាំ២០១៨ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីដែលអង្គភាព Fresh News ទទួលបានឲ្យដឹងថា «ដើម្បីរក្សាសោភ័ណភាព អនាម័យ បរិស្ថានក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីសូមអំពាវនាវ ដល់បងប្អូនជាម្ចាស់លំនៅដ្ឋាន, ម្ចាស់អាជីវកម្ម, សេវាកម្ម មេត្តាយោគយល់អាធ្យាស្រ័យ កុំបញ្ចេញសំរាមដាក់តាមដងផ្លូវសាធារណៈ សូមរក្សាសំរាមឲ្យបានត្រឹមត្រូវ ក្នុងទីតាំងរៀងៗខ្លួនបណ្ដោះអាសន្នសិន»។
រដ្ឋាភិបាលរាជធានីភ្នំពេញ សេវាប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ិនទ្រី នឹងចូលបម្រើការងារធម្មតាវិញនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨៕