Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ សត្វព្រៃដ៏កម្រជាច្រើនប្រភេទ ត្រូវបានគេប្រទះឃើញ នៅក្នុងឧទ្យានជាតិវីរៈជ័យ ក្នុងខេត្តរតនគិរី

05-10-2018 19:18

(រតនគិរី)៖ សត្វខ្លាឃ្មុំ ស្វាក្រវ៉ាត់ មាន់ព្រៃ សំពោចភ្នំ ឈ្លូស និងសត្វជាច្រើនប្រភេទទៀត ក្នុងនោះមានទាំងសត្វកម្រផងត្រូវបានឃើញមានវត្តមាន នៅក្នុងឧទ្យានជាតិវីរៈជ័យ ក្នុងខេត្តរតនគិរី។ នេះបើយោងតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ។

លោកបានថ្លែងថា ទិន្ន័យនិងរូបភាពដែលបញ្ជាក់ពីវត្តមានជីវៈចម្រុះទាំងនេះទទួលបានពីម៉ាស៊ីនថតដោយស្វ័យប្រវត្តិដែលមន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិវីរជ័យ បានដាក់ចាប់តាំងពីថ្ងៃទី២៦ ខែកញ្ញា រហូតដល់ ថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៨ នៅតាមទីតាំងមួយចំនួនក្នុងឧទ្យានជាតិនេះ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ឧទ្យានជាតិវីរៈជ័យសំបូរទៅដោយ ជីវៈចម្រុះគ្រប់ប្រភេទ សត្វព្រៃដែលនាពេលកន្លងទៅម៉ាស៊ីនថតស្វ័យប្រវត្តិនេះ ក៏បានចាប់បានភាពសត្វកម្រមួយចំនួននៅកម្ពុជាដូចជា សត្វដំរី ខ្លាឃ្មុំ ខ្លាពពក ខ្ទីងជាដើម។ លោកបានថ្លែងថា ឧទ្យានជាតិវីរៈជ័យសម្បូណ៍ដោយធនធានធម្មជាតិ និងជីវៈចម្រុះដែលត្រូវតែការពារឱ្យបានគង់វង្ស។ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានយកចិត្តទុកដាក់លើការងារការពារ និងអភិរក្សធនធានធម្មជាតិនេះដោយបានរៀបចំផែនការយុទ្ធសាស្ត្រផ្សេងៗ។

សូមបញ្ជាក់ថា ក្រោយពីមានកំណែទម្រង់ស៊ីជម្រៅលើតួនាទី និងការទទួលខុសត្រូវរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម មានការផ្ទេរនូវតំបន់អភិរក្សមួយចំនួនពីក្រសួងកសិកម្មឱ្យមកក្រសួងបរិស្ថាន គ្រប់គ្រង និងអភិរក្ស។

បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បច្ចុប្បន្ននេះ តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានមានទំហំជាង ៧,៥ លានហិកតា និងមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០ បាននិងកំពុងដើរល្បាត ការពារធនធានធម្មជាតិ និងអភិរក្សជីវៈ ចម្រុះ សម្បត្តិធម្មជាតិ និងវប្បធម៌ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានអំពាវនាវដល់គ្រប់ភាគីទាំងអស់រួមនឹងបងប្អូនប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សធនធានធម្មជាតិរបស់យើងទាំងអស់គ្នា៕