(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់នៅថ្ងៃទី០៥ ខែតុលានេះថា មន្ត្រីអង្គភាពស៊ីម៉ាក់ចំនួន១២២រូបបន្ថែមទៀត ទើបបានទទួលក្របខ័ណ្ឌកងយោធពលកងខេមរភូមិន្ទ ដើម្បីជាប្រយោជន៍ទទួលគោលរបបសោធន។
លោកបានបញ្ជាក់ទៀតថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានសំរេចបញ្ចូលក្របខ័ណ្ឌ និងប្រគល់ឋានន្តរស័ក្តិ ជូនបងប្អូនទាំងអស់ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ។
លោកបញ្ជាក់ទៀតថា គិតមកដល់ពេលនេះ មានមន្ត្រីអង្គភាពស៊ីម៉ាក់៦៣១រូបហើយ ត្រូវបានដាក់បញ្ចូលក្របខ័ណ្ឌ និងផ្តល់ជូនឋានន្តរស័ក្តិ។
ជាមួយគ្នានេះ លោកសូមសំដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ និងគណ:កម្មការបញ្ចូលក្របខ័ណ្ឌ និងផ្តល់ឋានន្តរស័ក្តិ ជាពិសេសគោរពដឹងគុណ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់បំផុត ចំពោះនិវត្តន៍ជនទាំងអស់។
លោក ហេង រតនា ធ្លាប់បានចាត់ទុកថា ការប្រកាសបញ្ចូលក្របខ័ណ្ឌ បំពាក់ឋានន្ដរស័ក្ដិនេះ ជាសក្ខីភាពមិនត្រឹមតែជាការឆ្លើយតប ទៅនឹងគុណបំណាច់របស់បងប្អូនមន្ដ្រីស៊ីម៉ាក់ទាំងអស់ ដែលបានហ៊ានលះបង់អាយុជីវិតខ្លួនឯង ប្រឈមមុខនឹងគ្រោះថ្នាក់ ចូលរួមបម្រើជាតិ និងប្រជាជន ជាមួយស្មារតីយ៉ាងអង់អាចក្លាហាននោះប៉ុណ្ណោះទេ តែជាការបង្ហាញឲ្យឃើញច្បាស់នូវការដោះស្រាយបញ្ហាសង្គមកិច្ច របស់រាជរដ្ឋាភិបាល ជូនអ្នកដែលបានរួមចំណែកការពារ និងកសាងប្រទេសជាតិ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោកបញ្ជាក់ទៀថា ការបញ្ចូលក្របខ័ណ្ឌ បំពាក់ឋានន្ដរស័ក្ដិនេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ចំពោះមន្ត្រីស៊ីម៉ាក់ ដែលបានពុះពារបម្រើជាតិ ដូចជាមបន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធផ្សេងទៀតផងដែរ។
សូមជម្រាបថា អតីតមន្ត្រីបុគ្គលិកដែលបានចូលនិវត្តន៍ អ្នកបាត់បង់លទ្ធភាពពលកម្ម ពិការ ឬគ្រួសារនៃអ្នកដែលបានស្លាប់ ឬពលីកន្លងមករបស់ស៊ីម៉ាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចូលក្របខណ្ឌ ក្នុងកងយោធពលខេមរភូមិន្ទ ប្រយោជន៍ដើម្បីទទួលបានគោលរបបសោធន៕