(ចិន)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិននានា កំពុងរកវិធីសាស្ត្រ ដើម្បីពង្រីកវិស័យសត្វចិញ្ចឹម ដែលកំពុងលូតលាស់ក្នុងប្រទេស ជាមួយគ្នានោះអ្នកចិញ្ចឹមសត្វ ត្រូវការទិញគ្រឿងឧបភោគបរិភោគ សម្រាប់សត្វចិញ្ចឹមកាន់តែច្រើន ហើយទីផ្សារសម្រាប់វិស័យនេះ កំពុងវិវឌ្ឍន៍ទៅមុខជាលំដាប់។
ស្របពេលនគរូបនីយកម្មកំពុងតែរីកដុះដាល យ៉ាងឆាប់រហ័សនៃសត្វចិញ្ចឹម និងឧស្សាហកម្មដែលពាក់ព័ន្ធនឹងសត្វចិញ្ចឹម ក៏កំពុងរីកលូតលាស់ ទៅកាន់តំបន់កាន់តែច្រើន និងមានចំនួនសត្វចិញ្ចឹមកាន់តែច្រើនដូចគ្នា។
ប្រជាជនក្នុងប្រទេសចិន ចាប់ផ្ដើមនាំគ្នាចិញ្ចឹមសត្វ ហើយម្ចាស់សត្វទាំងនោះកាន់តែខ្វាយខ្វល់អំពីសុខភាព សុខមាលភាព និងសុវត្ថិភាពរបស់សត្វចិញ្ចឹម កត្តានេះធ្វើឱ្យបច្ចេកវិទ្យាចិញ្ចឹមសត្វ បែបឆ្លាតវៃមានគេត្រូវការយ៉ាងច្រើន។
ក្រុមហ៊ុន ផេតឃីត (PETKIT) បានដាក់ឱ្យដំណើរការផលិតផលសត្វចិញ្ចឹមឆ្លាតវៃ ដែលអនុញ្ញាតឱ្យទាំងម្ចាស់ និងសត្វអាចរីករាយជាមួយ នឹងអត្ថប្រយោជន៍នៃបច្ចេកវិទ្យា។
លោក គ័រ វ័យសៀរ សហស្ថាបនិក និងនាយកប្រតិបត្តិ ក្រុមហ៊ុន PETKIT ថ្លែងថា «បច្ចុប្បន្នយើងកំពុងស្វែងរកវិធីផ្សេងៗ ដើម្បីធ្វើការចិញ្ចឹមសត្វ កាន់តែងាយស្រួលជាងមុន និងជួយឱ្យម្ចាស់សត្វចិញ្ចឹមអាចចំណាយពេលកាន់តែតិច ទៅលើកិច្ចការថែទាំសត្វចិញ្ចឹមរបស់គេ និងអាចចំណាយពេលលេង ជាមួយសត្វជាទីស្រលាញ់បានកាន់តែច្រើន។ ដូច្នេះក្រុមហ៊ុនផ្ដោតសំខាន់លើការបង្កើតម៉ាស៊ីន ដាក់ចំណីសត្វស្វ័យប្រវត្តិ និងផលិតផលស្វ័យត្រួតពិនិត្យសុខភាព»។
វត្តមានរបស់ប្រព័ន្ធ អ៊ីនធឺណែត ផ្លឹស (Internet Plus) កំពុងជួយលើកស្ទួយឱ្យអាជីវករនៅក្នុងឧស្សាហកម្មសត្វចិញ្ចឹម ងាកមកប្រើវិធីធ្វើអាជីវកម្មបែបថ្មី និងបច្ចេកវិទ្យាថ្មីៗ ។
លោក គ័រ វ័យសៀរ បន្ដទៀតថា ប្រទេសចិនជាប្រទេសដើរក្រោយគេ ក្នុងឧស្សាហកម្មសត្វចិញ្ចឹម បើប្រៀបនឹងសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសជឿនលឿនផ្សេងទៀត។ លោកថា «កាលពីជំនាន់ខ្ញុំនៅក្មេង ខ្ញុំធ្លាប់តែចាត់ទុកឧស្សាហកម្មនេះ ត្រឹមជាទីផ្សារកំប៉ិកកំប៉ុកប៉ុណ្ណោះ ប៉ុន្តែក្រោយពីបានចូលប្រឡូកក្នុងវិស័យនេះរួចខ្ញុំឃើញថា ប្រជាជនវ័យក្មេងជាច្រើននាពេលបច្ចុប្បន្នពិតជាមានទស្សនៈ និងគំនិតខុសពីជំនាន់ខ្ញុំទាំងស្រុងតែម្តង»។
ការអភិវឌ្ឍន៍ឆាប់រហ័សនៃ វិស័យសត្វចិញ្ចឹមមិនត្រឹមតែផ្ដល់ឱកាសឱ្យបច្ចេកវិទ្យាសត្វចិញ្ចឹម រីកចម្រើនប៉ុណ្ណោះទេតែថែមទាំងជួយឱ្យហាងលក់ សម្ភារៈសត្វចិញ្ចឹមលូតលាស់ និងអភិវឌ្ឍទៅមុខដូចគ្នា។
ផេតស៍ណូ (Petsknow) ជាក្រុមហ៊ុនបច្ចេកវិទ្យាសត្វចិញ្ចឹមក្នុងទីក្រុងប៉េកាំង ដែលផ្ដល់សេវាគ្រប់គ្រងអាជីវកម្ម ជូនដល់ហាងលក់សម្ភារៈសត្វចិញ្ចឹមនានា ដោយប្រើប្រព័ន្ធគ្រប់គ្រងអាជីវកម្មតាមអនឡាញ មានលក្ខណៈរួមបញ្ចូលគ្នា និងជួយតភ្ជាប់ហាងទាំងនោះ ទៅនឹងបណ្ដាញអ៊ីនធឺណែត។
លោក កាវ ម៉ៅស៊ីង នាយកប្រតិបត្តិក្រុមហ៊ុន Petsknow បានឲ្យដឹងថា « ដោយសារតែគេត្រូវចំណាយប្រាក់ច្រើន ដើម្បីលក់ទំនិញតាមអនឡាញ ឥឡូវនេះយើងឃើញថា ការលក់ទំនិញរាយមិនតាមអនឡាញ កំពុងលក់បានកាន់តែដាច់»។
លោក កាវ បានលើកឡើងថា ក្រុមហ៊ុនព្យាយាមបញ្ចូលហាងតូចៗជាង១០ម៉ឺនហាង នៅពាសពេញផ្ទៃប្រទេស ទៅក្នុងប្រព័ន្ធដ៏ធំមួយ ដើម្បីធ្វើឱ្យសេវាកម្ម និងដំណើរការអាជីវកម្មរបស់ហាងទាំងនោះ កាន់តែមានភាពប្រសើរឡើង ដែលកត្តានេះនឹងជួយឱ្យអតិថិជន អាចទទួលបានបទពិសោធន៍កាន់តែល្អប្រសើរ នៅពេលទិញទំនិញនៅតាមហាងធម្មតា ដែលមិនតាមអនឡាញ៕ (សារព័ត៌មាន CCTV របស់ចិន)