(ចិន)៖ អង្គភាពធុរកិច្ចចិនថ្មីសន្លាង របស់ប្រទេសអ៊ីតាលីបានបើកអង្គប្រជុំជាលើកទីមួយរបស់ខ្លួន ដោយអង្គភាពនេះមានគោលបំណង ចង់តែងតាំងប្រទេសអ៊ីតាលីជា «ដៃគូឯកសិទ្ធិ» នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន។
អង្គភាពធុរកិច្ចចិន ត្រូវបានប្រកាសអំពីការរៀបចំ បង្កើតឡើងកាលពីខែសីហាឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។ ប្រទេសអ៊ីតាលី បានបង្កើតអង្គភាពនេះឡើង ដើម្បីលើកស្ទួយចំណងសេដ្ឋកិច្ច របស់ខ្លួនជាមួយប្រទេសចិន។
កិច្ចប្រជុំលើកដំបូងរបស់អង្គភាពនេះ បានគូសបញ្ជាក់ថា កិច្ចខិតខំរបស់ប្រទេសអ៊ីតាលី លើការងារពង្រីកសហប្រតិបត្តិការទ្វេភាគី ជាមួយប្រទេសចិនលើវិស័យពាណិជ្ជកម្មអាជីវកម្ម និងវិនិយោគ។
លោក មីស៊ែល ជីរ៉ាស៊ី អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចអ៊ីតាលី បានចូលរួមជាអធិបតីបើកអង្គប្រជុំនេះដែលមានការចូលរួម ពីមនុស្សជាង៣០០នាក់ មកពីស្ថាប័ននយោបាយ ក្រុមហ៊ុន, សាកលវិទ្យាល័យ និងសារព័ត៌មាន។
ចំណែកឯ លោក លី រួយយូ អគ្គរដ្ឋទូតចិនប្រចាំប្រទេសអ៊ីតាលី បានថ្លែងកោតសរសើរចំពោះការយកចិត្តទុកដាក់ របស់រដ្ឋាភិបាលអ៊ីតាលី លើការងារពង្រឹងចំណងមិត្តភាពរបស់ខ្លួនជាមួយប្រទេសចិន។
លោក មីស៊ែល ជីរ៉ាស៊ី បានឲ្យដឹងថា បើនិយាយពីការពង្រីកចំណងទ្វេភាគី លើការងារសេដ្ឋកិច្ចនិងវប្បធម៌ វាជាកិច្ចការដ៏សែនពិបាកធ្វើ សម្រាប់ប្រទេសទាំង២ ដោយសារមានការយល់ឃើញនៅកម្រិតមូលដ្ឋានគ្រឹះខុសពីគ្នា។ បើនិយាយពីការងារបង្កើតអង្គភាពធុរៈកិច្ចចិននេះវិញ វាជាលើកទី១ហើយដែលអាចសម្រេចបាន។
លោកអនុរដ្ឋមន្ត្រីបានបន្ថែមថា អង្គភាពធុរៈកិច្ចចិន គូសបញ្ជាក់ឱ្យឃើញថា ប្រទេសអ៊ីតាលីបានបង្កើតមធ្យោបាយ ជាប្រព័ន្ធជាពិសេសមួយ សម្រាប់រ៉ាប់រងការងារផ្សេងៗជាមួយប្រទេសមួយប្រើប្រាស់ស្ថាប័នរដ្ឋាភិបាល ជាច្រើនដែលពាក់ព័ន្ធ។ លោករំពឹងថា អង្គភាពធុរៈកិច្ចចិន នឹងដើរតួជាមធ្យោបាយមួយសម្រាប់កសាងទំនុកចិត្ត ទៅលើគ្នាទៅវិញទៅមកព្រមទាំងផ្តល់ ឱកាសឱ្យប្រទេសអ៊ីតាលីចូលទៅក្នុងទីផ្សារ ឧបភោគបរិភោគរបស់ប្រទេសចិន បានកាន់តែងាយស្រួល។
សូមបញ្ជាក់ថា បច្ចុប្បន្នប្រជាជនចិនកាន់តែច្រើន កំពុងប្រើប្រាស់ផលិតផលដែលមានគុណភាពខ្ពស់ ហើយនេះជាឱកាសធំមួយសម្រាប់ឱ្យអ៊ីតាលី ទាក់ទាញអ្នកជំនួញឱ្យមកវិនិយោគ និងនាំចេញផលិតផលជាច្រើនដូចជា ម្ហូបអាហារ, គ្រឿងយន្ត និងសម្លៀកបំពាក់ របស់អ៊ីតាលី៕ (សារព័ត៌មាន CCTV របស់ចិន)