(ភ្នំពេញ)៖ មេគង្គ-ជប៉ុន គឺជាកិច្ចសហប្រតិបត្តិការមួយដែលមានប្រទេសចំនួន៥ ជាសមាជិករួមមាន ជប៉ុន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ត្រូវបានផ្តួចផ្តើមឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសជប៉ុន-កម្ពុជា-ទ្បាវ-វៀតណាម (CLV) លើកទី៣ នៅខែមករា ឆ្នាំ២០០៧ នៅទីក្រុងCebu ប្រទេសហ្វីលីពីន។
ក្នុងកិច្ចប្រជុំនោះ បានប្រកាសឲ្យមាន «កម្មវិធីភាពជាដៃគូនៃតំបន់ជប៉ុន-មេគង្គ» ដែលជាជំហានដំបូងឈានទៅបង្កើតឲ្យមានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១ នៅឆ្នាំ២០០៨ នៅទីក្រុងតូក្យូ ដែលមានជប៉ុន កម្ពុជា ទ្បាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ជាសមាជិក។
កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន មានគោលបំណងកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងជំរុញសមាហរណកម្មអាស៊ាន។ កិច្ចសហប្រតិបត្តិការនេះមានគោលដៅចម្បងក្នុងការសម្រេចកំណើនសេដ្ឋកិច្ចដោយចីរភាព ដោយគិតគូរអំពីបរិស្ថាន និងសុខភាព ព្រមទាំងធានាសន្តិភាព និងស្ថេរភាពជានិរន្តរ៍នៅក្នុងតំបន់។
កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ប្រព្រឹត្តទៅជារៀងរាល់ ០១ឆ្នាំម្ដង ស្របជាមួយកិច្ចប្រជុំកំពូលអាស៊ាន និងឆ្លាស់ទៅធ្វើនៅប្រទេសជប៉ុន រៀងរាល់ ០៣ឆ្នាំម្ដង ដើម្បីរៀបចំយុទ្ធសាស្រ្តក្រុងតូក្យូថ្មី។ កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន បានធ្វើឡើងចំនួន ៩ដងហើយគិតចាប់តាំងពីឆ្នាំ២០០៩មក។ តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់រយៈ៩ឆ្នាំកន្លងទៅ កិច្ចសហប្រតិបត្តិការមួយនេះ បានធ្វើឲ្យមានទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសជាសមាជិក ហើយក៏បានរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាសមាជិកឲ្យរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ៕