(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើមគម្រោង សាលាស្អាត ដើម្បីលើកកម្ពស់សោភ័ណភាពសាលារៀន ដោយជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា ជួសជុលឡើងវិញរបងសាលារៀន ខ្លោងទ្វារ ទីធ្លាសាលារៀន និងតារាងបាល់ជាដើម។
ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសបានចំណាយទឹកប្រាក់សរុបជាង ២០ម៉ឺន ដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោង សាលាស្អាត នៅរាជធានីភ្នំពេញ។
កាលពីខែមីនាកន្លងទៅ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសាងសង់ទីលានបាល់ទាត់ដ៏ស្រស់ស្អាតថ្មីមួយ ជូនវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលតារាងបាល់ទាត់មួយនេះមានទំហំដី ៥២មx៧២ម ស្មើនឹង៣៧៤៤ម៉ែត្រការ៉េ។ ការរួមចំណែកនេះ មិនត្រឹមតែជួយពង្រឹងវិស័យបាល់ទាត់ក្នុងវិទ្យាល័យប៉ុណ្ណោះទេ វាថែមទាំងជួយលើកសោភ័ណភាពកាន់តែស្រស់ស្អាតមួយកម្រិតទៀតផងដែរ។
ក្រៅពីវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសក៏បានកំពុងតែជួសជុលហេដ្ឋរចនាសម្ព័ន្ធក្នុងសាលារៀនមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ រួមមាន ការជួសជុលឡើងវិញរបងសាលារៀនសម្រាប់សាសាបឋមសិក្សាវត្តដំបូកខ្ពស់ រៀបការ៉ូឡាក្នុងបរិវេណសាលាបឋមសិក្សាដង្កោ ព្រមទាំងសាងសង់ទីលានបាល់ទាត់ និងបាល់ទះថ្មីសម្រាប់វិទ្យាល័យទួលអំពិល។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបន្តលើកកម្ពស់សោភ័ណភាពសាលារៀននៅជុំវិញប្រទេសឲ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត ដើម្បីបង្កើនបរិយាកាសសិក្សាឲល្អប្រសើរជាងមុនសម្រាប់សិស្សានុសិស្សទាំងអស់ ៕