(ភ្នំពេញ)៖ អ្នកគ្រូ យន ដានី បង្រៀននៅវិទ្យាល័យច័ន្ទគ្រឹស្នា ស្រុកមេសាង ខេត្តព្រៃវែង គឺជាម្ចាស់ជយលាភីលេខ១ ពានរង្វាន់ព្រះភិរម្យភាសា អ៊ូ ហៅង៉ុយ ផ្នែកស្មូត្រកំណាព្យ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឆ្នាំ២០១៨។
ម្ចាស់ជយលាភីស្មូត្រកំណាព្យលេខ១រូបនេះ នៅក្នុងពិធីអបអរសាទរទិវា «គ្រូបង្រៀន ៥ តុលា» នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ ត្រូវបានអនុញ្ញាតឲ្យមកបង្ហើសំនៀងដ៏ក្រអួនក្រអៅរបស់ខ្លួននៅចំពោះមុខនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលចូលរួមក្នុងកម្មវិធីជាច្រើនរូបផ្សេងទៀត។
កំណាព្យដែលអ្នកគ្រូស្មូត្រនាព្រឹកមិញនេះ ត្រូវបានតែងនិពន្ធដោយលោកគ្រូ ស៊ុយ វ៉ាន់សាក់ មកពីខេត្តកំពង់ធំ ម្ចាស់ជយលាភីលេខ១ពានរង្វាន់សម្តេចព្រះសង្ឃរាជ ជួន ណាត ផ្នែកតែងនិពន្ធ។ កំណាព្យរបស់លោកគ្រូ បានរៀបរាប់ពីគុណបំណាច់ និងការធ្វើពលីកម្មរបស់គ្រូបង្រៀន ក្នុងការផ្តល់ចំណេះដឹងដល់កុលបុត្រ កុលធីតារបស់ខ្មែរ។
ឥឡូវសូមមកស្តាប់នូវសំនៀងរបស់អ្នកគ្រូ យន ដានី ថាពិរោះកម្រិតណា ទើបធ្វើឲ្យនាយករដ្ឋមន្ត្រី និងអ្នកចូលរួមក្នុងកម្មវិធីស្លុងអារម្មណ៍ស្ទើរគ្រប់ៗគ្នា៖