Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលខេត្តព្រះវិហារ អំពាវនាវដល់អាជីវករ មិនត្រូវលក់ទំនិញខូចគុណភាព បន្ទាប់ពីរកឃើញទំនិញផុតកាលបរិច្ឆេទប្រើប្រាស់ នៅផ្សាររវៀង

05-10-2018 17:09

(ព្រះវិហារ)៖ ទំនិញមួយចំនួន ដែលអាជីវករតាំងលក់ក្នុងផ្សាររវៀង ក្នុងស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានមន្ត្រីកាំកុងត្រូល ដកហូតនិងយកទៅដុតកម្ទេចចោល ក្រោយត្រួតពិនិត្យឃើញថា ហួសកាលបរិច្ឆេទប្រើប្រាស់ ដើម្បីចៀសវាងការប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។

លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានថ្លែងថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទំនិញប្រភេទវេចខ្ចប់ស្រាប់ ក៏ដូចជាមុខទំនិញផ្សេងៗទៀត ក្នុងផ្សាររវៀង ស្ថិតក្នុងឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។

លោកបន្តថា ការត្រួតពិនិត្យបានរកឃើញទំនិញមួយចំនួន ហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖ ទឹកក្រូចចម្រុះ៣២.៣៦លីត្រ, ទឹកស៉ីរ៉ូចំណុះ៦.០៨លីត្រ, ទឹកផ្លែឈើចំណុះ៧.២លីត្រ, ទឹកម្ទេសទម្ងន់៤គីឡូក្រាម, និងម្សៅទឹកដោះគោទម្ងន់ ៣.២គីឡូក្រាមផងដែរ។ លោកថា ក្រោយដកហូត ទំនិញទាំងនោះត្រូវបានយកទៅដុតកម្ទេចចោលភ្លាម។

ជាមួយគ្នានោះ លោកប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានអំពាវនាវអាជីវករ ត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ រាល់ប្រភេទទំនិញផ្សេងៗ ដែលបានទិញមកដាក់លក់នៅតាមតូបរបស់ខ្លួន។ លោកថា ចៀសវាងលក់ទំនិញណា ដែលខូចគុណភាព ឫក៏ទំនិញណា ដែលមានកាលបរិច្ឆេទជិតផុតសុពលភាព៕