(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ រួមជាមួយព្រះសង្ឃ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៥០គ្រួសារ ក្នុងសង្កាត់ព្រៃវែង។
អំណោយចែកជូន នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម, កំសៀវទឹក០១, ចង្ក្រានហ្គាស០១, ចានស្រាក់០១, ធុងជ័រ០១ និងថវិកា៣ម៉ឺនរៀល។
ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្រីក្រទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងពីរ តែងបានគិតគូរអំពីសុខទុក្ខ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន។
ជាពិសេសចំពោះបងប្អូនក្រីក្រ ជួបការលំបាក ទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។
បន្ថែមពីនេះ លោក នុត ពុធដារ៉ា ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ អភិវឌ្ឍន៍ជាតិឲ្យបានរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព។
ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើឲ្យបងប្អូនទាំងអស់ ពិសេសលោកតា លោកយាយ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យការរស់នៅ ដើម្បីរក្សាសុខភាពល្អបានយូរអង្វែង និងមើលការអភិវឌ្ឍន៍រីកចម្រើនរបស់ជាតិយើងបន្តទៀត៕