(ភ្នំពេញ)៖ លោក ពៅ ម៉ាលី រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិក្នុងការចុះបញ្ជី និងត្រួតពិនិត្យយានយន្តពិតជាមានសារសំខាន់ណាស់ សម្រាប់កាត់បន្ថយពេលវេលា ចំណេញថវិកា និងបង្កើតភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់យានយន្តទាំងអស់។
លោក ពៅ ម៉ាលី បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកអញ្ជើញជាគណៈអធិបតី ក្នុងពិធីអប់រំផ្សព្វផ្សាយតាមរយៈសកម្មភាពសាធារណៈរបស់គម្រោងJIKA / MVRI នៅច្រកកណ្តាល នៃផ្សារទំនើបអ៊ីអន សែនសុខ រាជធានីភ្នំពេញ។ ពិធីនោះផងដែរ ក៏មានការចូលរួមពីលោក ម៉ាសាយ៉ា អូតា ប្រធានទីប្រឹក្សាគម្រោង JIKA / MVRI និងសិស្សានុសិស្សជិត ១០០នាក់ផងដែរ។
លោក ពៅ ម៉ាលី បានថ្លែងឱ្យដឹងថា «ការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិក្នុងការចុះបញ្ជី និងត្រួតពិនិត្យយានយន្ត ពិតជាមានសារសំខាន់ណាស់ សម្រាប់កាត់បន្ថយពេលវេលា បង្កើតភាពងាយស្រួលដល់ ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់យានយន្តទាំងអស់ ព្រោះបច្ចុប្បន្ននេះ បញ្ហាយានយន្តគឺបានកើនឡើងកាន់តែច្រើន មធ្យោបាយប្រើប្រាស់ផ្លូវក៏កាន់តែកើនឡើង ហើយពេលវេលាសម្រាប់ពួកគាត់ កាន់តែតិច ដូចនេះហើយការបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មនេះឡើង ដើម្បីងាយស្រួលដល់ប្រជាជន អាចចុះបញ្ជីយានយន្តរបស់គាត់តាមប្រព័ន្ធអនឡាញ»។
លោកបានបន្ថែមទៀតថា «បើគាត់មិនអាចចុះដោយខ្លួនឯងបាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានកំណត់ឱ្យម្ចាស់ហាងយានយន្តនៅទូទាំងប្រទេស ដែលមានចំនួនជាង២០០កន្លែង ដែលបានមកចុះក្នុងបញ្ជីរួចរាល់ហើយនោះ ក្រសួងបានផ្តល់សម្ភារទាំងផ្លាកលេខ ឱ្យគាត់នៅទីតាំងនោះតែម្តង សម្រាប់ទោចក្រយានយន្ត។ ដោយឡែក យានយន្តគឺឱ្យគាត់ចុះបញ្ជីនៅតាមខេត្ត យើងបច្ចុប្បន្ននេះកំពុងតែធ្វើប្រតិភូកម្មនៅទូទាំងប្រទេសតែម្តង»។
លោកក៏បានបញ្ជាក់ទៀតថា ចាប់តាំងពីឆ្នាំ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូន បានព្យាយាមធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ ក្នុងកិច្ចសហប្រតិបត្តិការជាមួយ ជំនួយបច្ចេកទេសរបស់ទំនើបកម្មប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈយានយន្ត ដែលហៅកាត់ថា គម្រោង MVRI ហើយរហូតមកដល់ពេលនេះក្រសួងសាធារណការ កំពុងខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាព តាមរយៈកំណែទម្រង់ច្បាប់ចរាចរណ៍ផ្លូវគោក បង្កើតឱ្យមានគណៈកម្មាធិការជាតិសុវត្ថិភាពផ្លូវគោក និងជំរុញការអនុវត្តច្បាប់យ៉ាងតឹងរឹង និងបង្ក្រាបការដឹកជញ្ជូនលើសកម្រិត។
លោកក៏បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រាក់ទៅលើសេវាក្រៅផ្លូវការផ្សេងៗ ហើយបើក្នុងករណីមានការយកលុយក្រៅផ្លូវការ លើសការកំណត់សូមផ្តល់ដំណឹងមកក្រសួងសាធារណការ និងដឹងជញ្ជូន ដើម្បីឱ្យក្រសួង ដោះស្រាយពីបញ្ហាទាំងអស់នោះ៕