(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានក្រុមអតីតមន្ត្រីគណបក្សប្រឆាំងមួយចំនួន ដែលកំពុងរកស៉ី ទិញ-លក់ដី ឲ្យដឹងថា បើនៅតែឈ្លើយព្យាយាមលាបពណ៌ និងកុហកប្រជាជនកម្ពុជាទៀត សម្តេចនឹងមិនកាត់ប្លង់ដីឲ្យនោះទេ។
ការព្រមានរបស់សម្តេចប្រមុខដឹកនាំកំពូលនៃកម្ពុជា ទៅកាន់អតីតមន្ត្រីបក្សប្រឆាំង បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេច អញ្ជើញធ្វើជាអធិបតីភាពទិវាគ្រូបង្រៀន នៅវិទ្យាស្ថានជាតិអប់រំ។
បើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន មូលហេតុដែលសម្តេចព្រមានបែបនេះ ដោយសារតែអតីតមន្ត្រីបក្សប្រឆាំង តែងតែភូតកុហកបោកប្រាស់ប្រជាពលរដ្ឋខ្មែរថា គណបក្សសង្គ្រោះជាតិនឹងរស់ឡើងវិញ ហើយកម្ពុជានឹងមានការបោះឆ្នោត ឡើងវិញផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងរំឭកថា ក្រុមមន្ត្រីប្រឆាំងបាននិយាយថា អង្គការសហប្រជាជាតិ នឹងមិនទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជា ហើយថាសម្ពាធអន្តរជាតិ នឹងធ្វើឲ្យកម្ពុជាដើរតាមគន្លង ដែលបក្សប្រឆាំងគូសឲ្យមិនខាន។
សម្តេចបានមានប្រសាសន៍ចាត់ទុកថា ក្រុមប្រឆាំងនៅមិនទាន់ស្គាល់ ពីមហាសន្និបាតអង្គការសហប្រជាជាតិ ហើយក៏មិនទាន់ស្គាល់ពី នយោបាយទំនាក់ទំនងអន្តរជាតិដែរ។ ក្នុងន័យនេះ សម្តេចបានប្រដៅឲ្យក្រុមប្រឆាំង ទៅរៀនពីនយោបាយការបរទេសឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន បានមានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «អ្វីទៅដែលហៅថា មហាសន្និបាតអង្គការសហប្រជាជាតិ? អ្វីទៅដែលហៅថា ក្រុមប្រឹក្សាសន្តិសុខ? តម្លៃនៃមហាសន្និបាតអង្គការសហប្រជាជាតិយ៉ាងម៉េច? តម្លៃនៃក្រុមប្រឹក្សាសន្តិសុខយ៉ាងម៉េច? សិទ្ធិវេតូនៃប្រទេសធំយ៉ាងម៉េច? ការងារក្នុងក្រមខណ្ឌអាស៊ានយ៉ាងម៉េច? អាស៊ានបូក១ អាស៊ានបូក៣ យ៉ាងម៉េច? អាស៉ីបូព៌ាយ៉ាងម៉េច? អាស៉ីអឺរ៉ុបយ៉ាងម៉េច? អ្នកឯងគួរតែរៀនយល់»។
សម្តេចបានបន្តថា «តែគួរឲ្យសោកស្តាយ សេចក្តីត្រូវការរបស់ពួកគេគឺភូត... សូមអញ្ជើញរង់ចាំទៅ ចាំខ្មោចហ្នឹង (គណបក្សសង្គ្រោះជាតិ) រស់ឡើងវិញទៅ អាខ្លះគេត្រៀមហើយ ត្រៀមខោអាវចូលធ្វើការវិញ....។ បើបោះឆ្នោតឃុំសង្កាត់ចាំឆ្នាំ២០២២ បើបោះឆ្នោតតំណាងរាស្ត្រចាំឆ្នាំ២០២៣។ ឥឡូវហ្នឹងមួយចំនួនកំពុងរកស៉ីទិញដីហើយ ប៉ុន្តែបើឈ្លើយកាត់ប្លង់អត់បានទៀត។ អញដឹង អញផ្តាច់ឆ្នាំងបាយហ្អែងទៀត... ដីនៅកំពត ដីនៅកំពង់ស្ពឺ កំពតនិងកែប នៅជាប់គ្នា... តែអាខ្លះចង់លួចដីគេទៀត កុំភ្លេចថាគេធ្វើប៉ុណ្ណឹង (ដឹកនាំប្រទេស) គេមិនមែនខ្វះព័ត៌មានពីហ្អែងរកស៉ីទេ»៕