(ភ្នំពេញ)៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ការិយាល័យ (ក៤) បានបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចរង្វង់មូលស្ពានជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកគ្រឿងញៀនទម្ងន់១៤៧ក្រាម។
លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំកម្លាំងបង្ក្រាបគ្រឿងញៀនករណីនេះ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យជាស្ត្រី ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ស៊ា ចាន់ធី នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨។
ការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងក្រោមការសម្របសម្រួល នីតិវិធីពីព្រះរាជអាជ្ញារង ហ៊ីង ប៊ុនថន។
ជនសង្ស័យ និងវត្ថុតាងគ្រឿងញៀន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ៕