(ភ្នំពេញ)៖ នាឱកាសបុណ្យទានផ្សេងៗមិនថា បុណ្យចូលឆ្នាំខ្មែរ, បុណ្យចូលឆ្នាំចិន, បុណ្យអុំទូក ឬពិធីបុណ្យផ្សេងៗឃើញថា អាជីវករតែងតែយកគ្រឿងសក្ការបូជា ដែលត្រូវនឹងពិធីបុណ្យទាំងនោះ មកលក់ជាហូរហែរដោយឆ្នាំខ្លះលក់ដាច់ ហើយឆ្នាំខ្លះទៀតលក់មិនដាច់ ឬខាត់ដើម។
ជាក់ស្ដែងដូចរដូវបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំនេះ អាជីវករបាននាំគ្នាត្អូញត្អែរថា ឆ្នាំនេះលក់គ្រឿងសក្កាបូជាមិនដាច់សោះ។
ខណៈកំពុងតែបង្ហាញស្នាមញញឹម និងវាចារសាសងអន្ទងចិត្តភ្ញៀវឲ្យទិញឥវ៉ាន់ អ្នកស្រី សុគន្ធ អាជីករលក់គ្រឿងសកា្ករបូជា ក្នុងផ្សារត្រពាំងឈូកបានឲ្យដឹងថា ឆ្នាំនេះយកគ្រឿងសម្រាប់ទៅវត្ត មកស្ដុកច្រើនជាងឆ្នាំមុនព្រោះថា ឆ្នាំទៅមិញគេនាំគ្នាទិញច្រើន លក់ស្ទើរតែមិនទាន់ ហើយគ្មានទាំងទំនិញលក់ឲ្យភ្ញៀវផង ឆ្នាំនេះខំយកឥវ៉ាន់មកស្ដុកច្រើនតែគ្មានអ្នកទិញ បើគិតទៅមកដល់បិណ្ឌ៦-៧ហើយលក់ទើបតែ៤០%ប៉ុណ្ណោះ បើបៀធៀបជាមួយឆ្នាំមុន។
អ្នកស្រីបន្ដទៀតថា ជារៀងរាល់ឆ្នាំទម្រាំផុតរដូវបុណ្យភ្ជុំបិណ្ឌនេះ ទូរទាត់ទៅទាំងចាយខ្លះ សល់ចំណេញពី១៥០-២០០ដុល្លារ បើគិតតាំងពីមុនកាន់បិណ្ឌរហូដល់ថ្ងៃបុណ្យភ្ជុំធំ។ ប៉ុន្ដែឆ្នាំនេះវិញ បើមើលទៅលើការលក់គ្រឿងសក្ការបូជា មិនកាក់កប់សោះ ទៅជាកាក់កប់លើការលក់ផ្លែឈើទៅវិញ។
ដោយឡែកអាជីវករលក់គ្រឿងសក្ការបូជា ក្នុងផ្សារកណ្ដាលបានថ្លែងឲ្យដឹងថា ចប់ហើយឆ្នាំនេះ ទិញមកច្រើនខកបាត់លក់មិនដាច់ បើនិយាយពីឆ្នាំទៅមិញ ត្រឹមបិណ្ឌ៥-៦ កំពុងពេញលក់ដាច់ រកតែពេលសម្រាកគ្មាន តែឆ្នាំនេះវិញ អង្គុយស្ងាបគ្មានភ្ញៀវសោះ។ អ្នកស្រីបន្ដថា មិនដឹងជាយ៉ាងម៉េចឆ្នាំនេះ បែរជាលក់មិនដាច់ បើនិយាយពីទំនិញវិញគ្មានឡើងថ្លៃទេ ឡើងខ្លាំងបំផុត៥០០រៀលប៉ុណ្ណោះ។
អាជីវកដដែលរូបនោះថ្លែងទៀតថា ជាទូទៅការលក់ដាច់ខ្លាំងត្រឹមបិណ្ឌ១-១០ ព្រោះបិណ្ឌបន្ទាប់ទៀត ប្រជាពលរដ្ឋនាំគ្នាទៅស្រុកអស់ហើយ។
បើលក់តែស្លាដក់ មិនខាតច្រើនទេ ព្រោះគ្រឿងនេះទុកបានយូរ តែលក់នំវិញ ទុកតែ៥ថ្ងៃដុះផ្សិតហើយ។
កញ្ញា ធារ៉ា អាជីវករលក់គ្រឿងសក្ការបូជាមុខវត្តចង្រ្កាន្តតាព្រហ្ម ស្ទឹងមានជ័យ បានឲ្យដឹងស្រដៀងគ្នាដែរថា «ខ្ញុំចាប់អាជីពជា អ្នកលក់គ្រឿងសម្រាប់បូជានេះ ជាង២ឆ្នាំមកហើយ ដោយក្នុងនោះមានលក់ដូចជា ទៀន, ធូប, ផ្កាជាដើម។ ជារៀងរាល់រដូវបុណ្យភ្ជុំបិណ្ឌនេះ ខ្ញុំតែងតែលក់គ្រឿងសកា្ករសម្រាប់បូជា មិនដែលខានសោះឡើយ តែការលក់២ឆ្នាំកន្លងទៅដាច់គួរសម តែឆ្នាំនេះវិញការលក់ធ្លាក់ចុះខ្លាំង បើនិយាយលើហេតុផលវិញគឺថា ឆ្នាំនេះមេឃភ្លៀងជាប់រហូត ហើយនេះជា កត្តាដែលបណ្ដាលឲ្យលក់មិនដាច់»។
កញ្ញាបន្ដទៀតថា ការលក់ស្លាដក់នេះ មិនប្រឈមនឹងការខាតបង់ខ្លាំងទេ ទោះបីជាខាតក៏ខាតតិចតួចប៉ុណ្ណោះ តែអ្វីដែលខាតធំនោះ គឺផ្កាព្រោះថា បានកុម្ម៉ង់មកច្រើនតែដល់លក់ លក់មិនដាច់ហើយទុកមិនបានយូរទៀត ហើយរដូវភ្ជុំផ្កាទិញចូលមកថ្លៃខ្លាំង។
កញ្ញាបន្ដទៀតថា «បើទូទាត់នារយៈពេលប៉ុន្មានថ្ងៃ នៃបុណ្យកាន់បិណ្ឌនេះការលក់ថយចុះខ្លាំង បើឆ្នាំទៅមានមនុស្សទិញហូរហែរមិនដែលដាច់ តាំងពីបិណ្ឌ១រហូតដល់ភ្ជុំធំ»។
កញ្ញាបញ្ជាក់ទៀតថា បើនិយាយពីស្លាដក់ជាគ្រឿងចំាបាច់ដែលមិនអាចខ្វះបាន នារដូវបុណ្យភ្ជុំបិណ្ឌនេះ តែការលក់របរនេះមិនមិនចំណេញ ប៉ុន្មាននោះទេ គ្រាន់តែអាចទុកបានយូរមិនខូចទោះបីជាឆ្នាំនេះ លក់មិនដាច់ក៏ដោយ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំឲ្យតែមានពិធីបុណ្យទាននានា ប្រជាពលរដ្ឋកម្ពុជាតែងតែនាំយកនូវគ្រឿងឧបភោគបរិភោគ គ្រឿងទេសសម្រាប់ម្ហូប, គ្រឿងសក្កាបូជា, ផ្កាផ្ញី មកស្ដុកទុកសម្រាប់លក់ ដោយឆ្នាំខ្លះការលក់ដូរដាច់ច្រើន តែឆ្នាំខ្លះទៀតក៏លក់មិនដាច់៕